អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ”
អត្ថបទដកស្រង់ដោយ : ផាន់ សុភាព
#MJQE #AmericanInterconSchool

ការចំណាយពេលហាត់ប្រាណប្រសើរជាងចំណាយពេលព្យាបាលនៅមន្ទីរពេទ្យ “លុយមិនអាចទិញសុខភាព បានទេ”។ មនុស្សក្នុងពិភពលោកពីមួយជំនាន់ទៅមួយជំនាន់កាន់តែយល់ដឹងពីបញ្ហាសុខភាពកាន់តែច្រើន ឡើងៗ ពីព្រោះគ្រប់គ្នាដឹងថាគ្មានអ្វីសំខាន់ជាងសុខភាពរបស់គាត់ឡើយ “ទ្រព្យសម្បត្តិធំបំផុតគឺសុខភាព” ហើយដើម្បីទទួលបានសុខភាពល្អ និងមិនចំណាយប្រាក់ច្រើនដូចទៅមន្ទីរពេទ្យនោះ គឺជាការធ្វើលំហាត់ ប្រាណបានទៀងទាត់។ យោងទៅតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានប្រកាសយ៉ាង ច្បាស់ៗអំពីអត្ថប្រយោជន៌នៃការហាត់ប្រាណដែលអ្នកមិនអាចនឹកស្មានដល់ដូចខាងក្រោម៖

១. ជួយអ្នកក្នុងការរក្សាទម្ងន់ឱ្យបានថេរ : 
ក្រៅពីការតមអាហារ ការហាត់ប្រាណដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង់ទម្ងន់របស់អ្នក និងការពារអ្នកពីភាព ធាត់ និងលើសជាតិខ្លាញ់។ ដើម្បីរក្សាទម្ងន់របស់អ្នក កាឡូរីដែលអ្នកបានទទួលទានពីអាហារ និងភេសជ្ជៈ ត្រូវតែស្មើនឹងថាមពលដែលអ្នកត្រូវបញ្ចេញមកវិញ។ ហើយដើម្បីបញ្ចុះទម្ងន់ អ្នកត្រូវតែប្រើថាមពលឱ្យច្រើន ជាងអ្វីដែលអ្នកទទួលទាន។

២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង : 
ជាកាពិតណាស់លំហាត់ប្រាណអាចជួយពង្រឹងចលនាបេះដូង និងធ្វើឱ្យឈាមរត់បានប្រសើរជាងមុន។ កាលណាលំហូរឈាមកើនឡើង វានឹងបង្កើនកម្រិតអុកស៊ីសែននៅក្នុងខ្លួនរបស់អ្នក។ វាជួយកាត់បន្ថយ ហានិភ័យនៃជំងឺបេះដូងដូចជា ការឡើងកូលេស្តេរ៉ុលខ្ពស់ក្នុងឈាម ជំងឺស្ទះសរសៃឈាមក្នុងបេះដូង និង គាំងបេះដូង។ ការហាត់ប្រាណទៀងទាត់អាចកាត់បន្ថយការឡើងសម្ពាធឈាម និងកម្រិតទ្រីគ្លីសេរីតបាន យ៉ាងល្អ។

៣. កែលម្អសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក : 
ក្នុងអំឡុងពេលហាត់ប្រាណ រាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីដែលអាចធ្វើឱ្យអារម្មណ៍របស់អ្នក ប្រសើរឡើង និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន។ កត្តានេះអាចជួយអ្នកដោះស្រាយភាពតានតឹង នៃអារម្មណ៍ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នក។

៤. ពង្រឹងឆ្អឹង និងសាច់ដុំរបស់អ្នក : 
ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយកុមារ និងក្មេងជំទង់ទទួលបានឆ្អឹងរឹងមាំ។ នៅពេលអាយុកាន់តែ ច្រើន ឆ្អឹងរបស់យើងនឹងបាត់បង់ដង់ស៊ីតេ និងធ្វើឱ្យមានភាពទ្រុតទ្រោម។ សកម្មភាពនៃការពង្រឹងសាច់ដុំ អាចជួយអ្នកបង្កើន ឬរក្សាម៉ាសសាច់ដុំ និងកម្លាំងរបស់អ្នកកាន់តែប្រសើរ ទោះបីជាអាយុរបស់អ្នកកើនឡើង ជាលំដាប់ក៏ដោយ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន រួមទាំងពោះវៀនធំ សុដន់ ស្បូន និងមហារីកសួត។

៦. បង្កើនឱកាសរស់នៅបានយូរ : 
ការសិក្សាបង្ហាញថា ការហាត់ប្រាណអាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ដែលបណ្តាលមកពី មូលហេតុចម្បងដូចជា ជំងឺបេះដូង និងមហារីកមួយចំនួន។

ជាចុងក្រោយ ការធ្វើលំហាត់ប្រាណពិតជាផ្តល់ប្រយោជន៍យ៉ាងធំធេងដល់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាំង អស់ “សុខភាពថ្លៃជាងទ្រព្យសម្បត្តិ” ដូចនេះប្រសិនបើអ្នកមិនចង់មានវិប្បដិសារីក្នុងការបាត់បង់សុខភាព នោះទេ សូមយកការហាត់ប្រាណជាមិត្តដ៏ល្អបំផុត និងអនុវត្តជាប្រចាំថ្ងៃ។