ការអប់រំកុមារតូច

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “ការអប់រំកុមារតូច”
អត្ថបទដកស្រង់ដោយ :  ហ៊ាង បុប្ផារិទ្ធ
#MJQE #AmericanInterconSchool

ការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាអប់រំកម្រិតមត្តេយ្យសិក្សា តែងតែបានចូលរៀននៅកម្រិតបឋមសិក្សាដោយជោគជ័យ ហើយភាគច្រើនរៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ក្នុងវ័យដំបូងរបស់កុមារ គឺជាអំឡុងពេលដែលមាតាបិតា ឬអ្នកផ្តល់សេវាអប់រំកុមារតូច ត្រូវផ្ដល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាលដំបូងនេះ កោសិកាខួរក្បាលកុមារមានការលូតលាស់យ៉ាងឆាប់រហ័សដល់ ៧០% កុមារអាយុ៣ឆ្នាំអភិវឌ្ឍរហូតដល់ ៨០% និងកុមារអាយុ៥ឆ្នាំអភិវឌ្ឍរហូតដល់ ៩០% នៃកោសិកាខួរក្បាលរបស់មនុស្សធំ ដែលជាកត្តាកំណត់ក្នុងការអភិវឌ្ឍ និងការបណ្តុះបំណិនផ្សេងទៀតដូចជា បំណិនសង្គម ភាពក្លាហាន ភាពអំណត់ វិន័យ សីលធម៌ ឥរិយាបថ និងបំណិនទំនាក់ទំនងរបស់កុមារ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធានាជោគជ័យក្នុងជីវិតរបស់កុមារ។ រយៈពេល៦ឆ្នាំដំបូងនៃជីវិត គឺជារយៈពេលដែលកុមារតូចឆ្លងកាត់ការអភិវឌ្ឍប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវសមត្ថភាពជាមូលដ្ឋានរបស់កុមារ ហើយទាំងនេះគឺ ជាធាតុផ្សំដ៏សំខាន់ចាំបាច់ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់កុមារសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងសម្រាប់កសាងសង្គមមួយប្រកបដោយសុខសន្តិភាព។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា បណ្ដុំនៃសរសៃប្រសាទរបស់កុមារតូចមានភាពរីកចម្រើនលូតលាស់តាមរយៈការបង្កើនការអន្តរាគមន៍ដូចជា ការអប់រំ ការការពារ ការផ្តល់ការថែសុខភាព និងអាហារូបត្ថម្ភដែលបានរីកចម្រើនតាំងពីចាប់បដិសន្ធិក្នុងផ្ទៃមាតាមកម្លេះ។ ការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពចិត្តសង្គមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជាកត្តាដ៏សំខាន់ណាស់សម្រាប់វ័យដំបូងរបស់កុមារ ដែលពួកគេអាចទទួលការបណ្ដុះនូវឥរិយាបទមួយដែលមានលក្ខណៈសម្របសម្រួលសម្រាប់ការរស់នៅក្នុងសង្គមទៅថ្ងៃអនាគត។