តើ AI ជាអ្វី? ហើយវាបានចូលរួមចំណែកអ្វីខ្លះ ដល់វិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា 
ក្រោមប្រធានបទ “តើ AI ជាអ្វី? ហើយវាបានចូលរួមចំណែកអ្វីខ្លះ ដល់វិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ?”
អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ
#MJQE #AmericanInterconSchool

បច្ចុប្បន្ននេះ AI គឺជាប្រធានបទដ៏ក្តៅគគុកមួយដែលមនុស្សជាច្រើនជុំវិញសាកលលោកតែងតែលើកយកមកពិភាក្សាវែកញែក ព្រោះបើមើលទៅតាមការវិវត្តម្ដងមួយជំហានៗ ទាក់ទងនឹង AI សព្វថ្ងៃនេះ ធ្វើឱ្យគេជឿជាក់ថា វានឹងជះឥទ្ធិពលកាន់តែខ្លាំងមកលើការរស់នៅរបស់មនុស្សនាពេលអនាគត។ ដូច្នេះហើយ នៅក្នុងពេលនេះយើងនឹងលើកយកប្រធានបទ AI មកបង្ហាញដល់អ្នកទាំងអស់គ្នាឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀតថា តើអ្វីទៅជា AI ហើយតើវាមានឥទ្ធិលអ្វីខ្លះ នៅលើវិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ?

មិនខុសទេ មនុស្សមួយចំនួនធំច្បាស់ជាធ្លាប់ឮពាក្យថា AI នេះហើយ ដោយវាមកពីពាក្យពេញថា Artificial Intelligence ឬអាចហៅបានថា “ប្រាជ្ញាសិប្បនិម្មិត” ហ្នឹងឯង។ ប្រាជ្ញាសិប្បនិម្មិត ឬ Artificial Intelligence គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ត្រូវបានបង្កើតឡើងដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជា Program ឬ System មួយដែលមានសមត្ថភាពធ្វើឱ្យម៉ាស៊ីនមានរបៀបគិតបានដូចមនុស្ស ដើម្បីឱ្យវាអាចធ្វើការងារជាច្រើនបានដូចដែលប្រាជ្ញាមនុស្សធ្លាប់ធ្វើ មានន័យថាគេបង្កើតវាឡើងដើម្បីជាដំណោះស្រាយទៅលើបញ្ហាមួយចំនួន ក៏ដូចជាដើម្បីឱ្យវាធ្វើកិច្ចការទាំងឡាយកន្លងមកជំនួសមនុស្សវិញ។

មូលហេតុដែលអាចឱ្យ AI អាចគិតបានស្ទើរតែដូចមនុស្សនោះ គឺគេត្រូវការបញ្ចូលទិន្នន័យយ៉ាងច្រើនបំផុតតាមដែលអាចធ្វើបានឱ្យទៅ Program នេះ ដើម្បីឱ្យវាអាចសិក្សាទៅតាមលំនាំនៃទិន្នន័យដែលទទួលបានទាំងនោះ និងផ្តល់លទ្ធផលមកវិញទៅតាមការចង់បានរបស់មនុស្សជាក់ស្ដែងដូចជា ការព្យាករណ៍អ្វីមួយទុកជាមុន ក៏ដូចជាស្វែងរកដំណោះស្រាយណាមួយដូចមនុស្សអញ្ចឹងដែរ ប៉ុន្តែវាអាចធ្វើបានរហ័សជាង និងត្រឹមត្រូវជាងទៀតផង។

អ្វីដែលធ្វើឱ្យប្រាជ្ញាសិប្បនិមិ្មតនេះកាន់តែមានលក្ខណៈដូចប្រាជ្ញារបស់មនុស្សទៀតនោះ គឺថាវាមានសមត្ថភាពអាចរៀន និងបង្កើនសមត្ថភាពដោយខ្លួនឯងទៅតាមទិន្នន័យថ្មីៗដែលវាទទួលបាន។ វាអាចសម្រេចចិត្តលើអ្វីមួយដោយផ្អែកលើហេតុផល (វាវិភាគស្វែងរកជម្រើសប្រសើរបំផុត អាស្រ័យទៅតាមទិន្នន័យដែលទទួលបាន)។ វាមានការយល់ឃើញផ្ទាល់ខ្លួន ក៏ដូចជាមានការច្នៃប្រតិដ្ឋជាដើម ដែលទាំងនេះសុទ្ធតែជាចំណុចដែលអាចកើតឡើងបាន តែលើប្រាជ្ញារបស់មនុស្សប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅមានចំណុចស៊ីជម្រៅជាច្រើនទៀតទាក់ទងនឹងប្រាជ្ញាសិប្បនិម្មិត ឬ AI ប៉ុន្តែយើងនឹងមិននិយាយទៅដល់នោះទេ ហើយអ្វីដែលយើងចង់សង្កត់ធ្ងន់បន្ថែមក្នុងពេលនេះគឺថា AI ត្រូវបានគេបែងចែកជាបីធំៗទៀតដែលមានដូចជា៖

១. Artificial Narrow Intelligence (ANI) : ជា AI កម្រិតស្រាលដែលអាចធ្វើការបានទៅលើកិច្ចការទាំងឡាយណាដែលមានលក្ខណៈច្បាស់លាស់លើភារកិច្ចតែមួយគត់ ទៅតាមការសរសេរ Program របស់មនុស្ស ហើយក៏ជាប្រភេទ AI ដែលកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនលើពិភពលោកនាពេលបច្ចុប្បន្ននេះដែរ។

២. Artificial General Intelligence (AGI) : ជា AI កម្រិតខ្ពស់ ស្ទើរតែដូចមនុស្សទាំងស្រុង ដោយវាមានសមត្ថភាពទៅលើការគិត អាចបង្ហាញការយល់ឃើញផ្ទាល់ខ្លួន ការស្វែងយល់ និងមុខងារជាច្រើនទៀតដូចដែលប្រាជ្ញាមនុស្សអាចធ្វើបានអញ្ចឹង។ ដំណាក់កាលនេះ AI ក៏អាចធ្វើការបង្កើនសមត្ថភាពខ្លួនវាបានកាន់តែច្រើនផ្នែកដោយឯករាជ្យតែម្ដង ហើយក៏អាចធ្វើការលើភារកិច្ចជាច្រើនផ្នែកដែរ ប៉ុន្តែបច្ចុប្បន្ន AI កម្រិតនេះ គឺកំពុងតែស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។

៣. ចុងក្រោយគឺ Artificial Superintelligence (ASI) : ជា AI ស្ថិតនៅកម្រិតកាន់តែខ្ពស់ជាង AGI ទៅទៀត ហើយដំណាក់កាលនេះសមត្ថភាពនៃប្រាជ្ញារបស់វា ក៏ខ្ពស់ជាងប្រាជ្ញារបស់មនុស្សថែមទៀតផង។ លើសពីនេះទៀត ASI ជាដំណាក់កាលមួយដែល AI អាចគ្រប់គ្រងខ្លួនឯងបាន ការគិតកាន់តែមានកម្រិតខ្ពស់ អាចធ្វើការវិនិច្ឆ័យបានដោយខ្លួនឯង អាចរៀបចំផែនការ ក៏ដូចជាអាចធ្វើការទំនាក់ទំនងទៅកាន់មនុស្ស ឬ AI ផ្សេងទៀតបានដោយខ្លួនឯងផងដែរ។ យ៉ាងណាក៏ដោយ AI កម្រិតនេះ គឺមិនងាយនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះនោះទេ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://cambo-report.com/article/24343