ខេត្តកោះកុងនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ក្រោយផ្លូវជាតិលេខ៤៨ និងលេខ១០ បញ្ចប់ការសាងសង់

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ខេត្តកោះកុងនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ក្រោយផ្លូវជាតិលេខ៤៨ និងលេខ១០ បញ្ចប់ការសាងសង់”
អត្ថបទដកស្រង់ដោយ : សុង សេរីនាថ
#MJQE #AmericaninterconSchool

ផ្លូវជាតិធំៗ២ខ្សែគឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០នឹងសាងសង់រួចរាល់នៅឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវនេះនឹងធ្វើឱ្យខេត្តកោះកុងក្លាយទៅជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់មួយក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ ផ្លូវនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំង ឆ្នាំ២០២៥ ។ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០%  នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

ដោយឡែកសម្រាប់ផ្លូវជាតិលេខ១០ មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ ដែលផ្លូវនេះនឹងតភ្ជាប់ខេត្តចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង ។  គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ក្នុងងគម្រោងផ្លូវជាតិលេខ១០នេះដែរ គឺមានការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលសម្រេចបាន ៤១,៥០% ដោយគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុខែមិថុនា ឆ្នាំ២០២៥។ ស្ពាននេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងខេត្តកោះកុង មានតំបន់ទេសចរណ៍ជាច្រើនដ៏គួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត ហើយតំបន់ទេសចរណ៍ដែលពេញនិយមជាងគេ និងមានភ្ញៀវទេសចរទៅកម្រាន្តច្រើនមានដូចជា កោះស្តេច កោះខ្មោច ឬកោះរីករាយ កោះម្នាស់ កោះកុងក្រៅ កោះខ្យង កោះអំបិល និងកន្លែងកម្សាន្តជាច្រើនទៀតផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://news.sabay.com.kh/article/1355834#utm_campaign=onpage
-  https://www.kampucheathmey.com/kpt-plus/451045