រោគសញ្ញាទាំង១០ បង្ហាញថាយើងកំពុងខ្វះវីតាមីន C

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ៖ រោគសញ្ញាទាំង១០ បង្ហាញថាយើងកំពុងខ្វះវីតាមីន C
អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #AmericanInterconSchool

ជីវិតរស់នៅប្រចាំថ្ងៃត្រូវការថាមពល និងសុខភាពល្អ ដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ ហើយវីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីននេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយអត្ថបទនេះនឹងបង្ហាញនូវអាការៈទាំង១០ដែលបង្ហាញថាយើងខ្វះវីតាមីន C៖

ចំនុចទី១ : អញ្ចាញធ្មេញហើម និងមានឈាម
វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីននេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ។ មួយវិញទៀត បើទោះជាយើងថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។
 
ចំនុចទី២ : ស្នាមជាំ និងរបួសប្រើពេលយូរក្នុងការជាសះស្បើយ
ប្រសិនជាយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះអាចបង្ការបានដោយញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញថាស្នាមរបួសដែលក្រនឹងជានេះក៏ជាសញ្ញាបង្ហាញថាយើងខ្វះវីតាមីន C ដែរ ដោយសារតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិត collagen។

ចំណុចទី៣ :  សក់ផុយស្រួយ និងជ្រុះ
អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀសវាងការចំណាយថរិកាទៅលើផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C មានដូចជា ផ្កាខាត់ណាខៀវ និងផ្លែគីវី ។ 

ចំណុចទី៤ : ឈឺសន្លាក់ 
អាការៈឈឺសន្លាក់ជាអាការៈដែលមនុស្សយើងជួបញឹកញាប់នៅពេលខ្វះវីតាមីន C ព្រោះវីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលខ្វះសារធាតុប្រឆាំងអ៊ុកស៊ីតកម្មនេះបណ្តាលឱ្យមានការរលាកនាំឱ្យឈឺនៅសន្លាក់។ ការឈឺសន្លាក់នេះអាចពិបាកក្នុងការគ្រប់គ្រង ដូចនេះយើងគួរតែបញ្ចូលនូវវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

ចំណុចទី៥ : ឈឺញឹកញាប់ 
ប្រសិនជាយើងឆ្លងជំងឺផ្តាសាយ ផ្តាសាយធំ ឬជំងឺឆ្លងផ្សេងៗ នោះមកពីប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ។ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយប្រឆាំងនឹងជំងឺឆ្លង និងជំងឺលុកលុយផ្សេងទៀត។ ដូចនេះបើយើងឈឺមិនឈប់ យើងគួរញ៉ាំវីតាមីន C បន្ថែមដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

ចំណុចទី៦ : ឡើងទម្ងន់ 
អ្នកដែលឡើងទម្ងន់ដោយមិនមានការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ នេះអាចមកពីមានបញ្ហាខ្វះវីតាមីន C។ ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងវីតាមីន C និងការឡើងជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយ ជាពិសេសខ្លាញ់នៅត្រង់ពោះ។ វីតាមីន C នេះអាចជួយក្នុងការដុតនូវជាតិខ្លាញ់បានយ៉ាងមានប្រសិទ្ធ     ភាព។

ចំណុចទី៧ : ងងុយគេង និងហត់
នៅពេលដែលយើងមានអារម្មណ៍ថាហត់នៅពេលថ្ងៃបន្ទាប់ពីបានគេងគ្រប់គ្រាន់នៅពេលយប់ នេះមកពីយើងញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ដែរ។ ការនឿយហត់ជារោគសញ្ញាមួយដែលកើតពីកង្វះវីតាមីន C។ អ្នកអាចបញ្ចៀសបញ្ហានេះបានដោយញ៉ាំផ្លែគីវីមួយជំនួសកាហ្វេដប់ពែង។

ចំណុចទី៨ : ស្បែកស្ងួត និងស្រអាប់ 
ដូចបានលើកឡើងខាងលើថា វីតាមីន C សំខាន់សម្រាប់ការផលិត collagen។ នោះមានន័យថាបើយើងញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ ស្បែករបស់យើងនឹងស្រអាប់ និងមានស្នាមជ្រួញ។

ចំណុចទី៩ : ឈាមច្រមុះញឹកញាប់ 
តាមធម្មតាឈាមច្រមុះមិនបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពទេ ប៉ុន្តែបើយើងជួបបញ្ហានេះញឹកញាប់ អាចមកពីរាងកាយត្រូវការវីតាមីន C។ ច្រមុះពោរពេញដោយសរសៃឈាមតូចៗ ហើយវីតាមីន C មានតួនាទីក្នុងការរក្សាកុំឱ្យសរសៃឈាមទាំងនោះចុះខ្សោយ ដែលជាហេតុបង្កឈាមច្រមុះ។

ចំណុចទី១០ : ក្រចកស្តើង និងខ្សោយ
រាងកាយត្រូវការវីតាមីន C ដើម្បីស្រូបយកជាតិដែក ប៉ុន្តែនៅពេលរាងកាយមានវីតាមីន C មិនគ្រប់គ្រាន់ អាចបង្កឱ្យមានជំងឺសេ្លកស្លាំងដោយសារខ្វះជាតិដែកធ្វើឱ្យក្រចកខ្សោយ និងផុយ។ ក្រោយពីយើងសា កប្រើនូវផលិតផលពង្រឹងក្រចកហើយនៅតែមិនឃើញលទ្ធផល យើងគួរងាកមកញ៉ាំបន្លែ និងផ្លែឈើ ស្រស់បន្ថែម៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https:// npn.news/post/sp326786/5631