គុណប្រយោជន៍នៃដំណើរកម្សាន្ត

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត 
ក្រោមប្រធានបទៈ “គុណប្រយោជន៍នៃដំណើរកម្សាន្ត" 
អត្ថបទដកស្រង់ដោយ :  ឃៀង វាសនា
#MJQE #AmericanInterconSchool

គ្រប់គ្រួសារបន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ ឬថ្ងៃសម្រាកនានា គ្រួសារណាៗក៏ចង់ចំណាយពលវេលាជាមួយក្រុមគ្រួសារលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយជាថ្មី និងបង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម អនុស្សាវរីយ ចំណេះដឹង និងការអប់រំសម្រាប់ដំណើរជីវិតរបស់គេ។ ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារបន្ថែម ការនាំគ្រួសារធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។  សុភមង្គលក្នុងក្រុមគ្រួសារអាស្រ័យដោយមនុស្សជាអ្នកកំណត់ ហើយទន្ទឹមគ្នានេះមានហេតុផល៤ចំណុចដែលមនុស្សគួរពង្រឹងគុណភាពជីវិតចេញពីការដើរកម្សាន្ត៖

១. ដំណើរកម្សាន្តជួយបង្កើតភាពរីករាយ :
ដើរកម្សាន្តឱ្យចិត្តរីករាយ និងទទួលបានទិដ្ឋភាពជីវិតប្លែក ជាគោលដៅសំខាន់បំផុតរបស់ទេសចរ។ មិនថាតែដំណើរកម្សាន្តនោះជិតផ្ទះ ឆ្ងាយពីផ្ទះ រយៈពេលវែង ឬរយៈពេលខ្លីនោះទេ ប្រសិនបើមនុស្សចេះរៀបចំផែនការដំណើរកម្សាន្តនៅថ្ងៃសម្រាកពីការងាររបស់ខ្លួនបានល្អ នោះកម្មវិធីនានាក្នុងដំណើរកម្សាន្តកាន់តែមានអត្ថន័យ ព្រមទាំងទទួលបានភាពរីករាយបំផុត ។ 

២. ដំណើរកម្សាន្តជួយឱ្យមនុស្សពិចារណាស៊ីជម្រៅ : 
គុណតម្លៃមួយដែលទេសចរគ្រប់រូប ឬអ្នកចូលចិត្តដើរកម្សាន្តទទួលបានពីដំណើរកម្សាន្តផ្ទាល់ខ្លួន គឺដឹងពីបទពិសោធជីវិតសហគមន៍ដែលពួកគេបានទៅដល់ទីនោះ។ គេអាចនិយាយថា “ដើរច្រើនមនុស្សអាចរៀនសូត្របានច្រើន” ហើយក៏អាចយល់ច្រើនពីភាពខុសប្លែកគ្នាក្នុងដំណើរជីវិតមនុស្សម្នាក់ៗ។ 

៣. ដំណើរកម្សាន្តជួយឱ្យបង្កើតអនុស្សាវរីយ៍ : 
ស្ទើរគ្រប់ទីន្លែងកម្សាន្តទាំងអស់សុទ្ធសឹងបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនដល់អ្នកទេសចរ។ ថ្វីបើដំណើរកម្សាន្តនោះរយៈពេលខ្លី ឬឆាប់ក៏ដោយ ក៏មនុស្សអាចដឹងពីរបៀបរបបរស់នៅរបស់មនុស្ស ស្គាល់ចរឹកលក្ខណៈរបស់មនុស្ស យល់ពីកម្រិតវប្បធម៌ និងឥរិយាបថប្រាស្រ័យទាក់ទងនានាក្នុងសហគមន៍។ គ្រប់ទំនាក់ទំនងដែលបានកើតឡើង ជាបទពិសោធថ្មីដែលជំរុញឱ្យចិត្តមានមេត្តា ក្តីស្រឡាញ់ និងជួយអ្នកដទៃដោយភាពរីករាយ។

៤. ដំណើរកម្សាន្តធ្វើឱ្យយើងចេះជួយគ្នាទៅវីញទៅមក : 
គោលដៅសំខាន់បំផុតនៃដំណើរកម្សាន្ត គឺបង្កើនថាមពលចិត្ត ឬបំពេញបន្ថែមដល់ភាពខ្វះចន្លោះនៃចិត្ត និងការគិតរបស់មនុស្ស។ ការជួយអ្នកដទៃវាមិនអាក្រក់នោះទេ ប្រសិនបើយើងដឹង និងស្គាល់ច្បាស់ថាបុគ្គលនោះពិតជាត្រូវការជំនួយ ដោយជំនួយដែលអាចធ្វើបានល្អបំផុតនោះគឺការផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកដទៃ ការផ្តល់អាហារ និងទឹកដល់អ្នកដទៃ ព្រមទាំងចេះលើកទឹកអ្នកដទៃដែលធ្វើដំណើរជាមួយគ្នាឱ្យរីករាយនៅក្នុងដំណើរកម្សាន្ត ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/life-education/news/traveling-is-a-great-way-to-increase-your-life-energy