ហេតុអ្វីឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវចេះពីវិធីសាស្រ្តអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សា ដល់បឋមសិក្សា?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ហេតុអ្វីឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវចេះពីវិធីសាស្រ្តអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សា ដល់បឋមសិក្សា?”
អត្ថបទដកស្រង់ដោយ : វ៉ាន់នី និមល
#MJQE #AmericanInterconSchool

ក្នុងវិស័យអប់រំ បានបែងចែកការអភិវឌ្ឍកុមារជា៣ដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលនីមួយៗមានសារៈសំខាន់ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីឪពុកម្តាយ និងអ្នកអាណាព្យាបាល ក្នុងការជួយជំរុញការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្តរបស់កុមារផងដែរ។ វិធីសាស្រ្តអប់រំកុមារ គឺមានសារៈសំខាន់ណាស់ក្នុងនាមជាឪពុកម្តាយ ឬអ្នកអាណាព្យាបាលក្នុងការជួយគាំទ្រទៅដល់ការសិក្សារបស់កុមារ ឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវដឹងថា តើក្នុងវ័យណា ឬដំណាក់កាលណាដែលឪពុកម្តាយត្រូវជួយ និងមើលថែទាំកូន? ហើយដោយវិធីសាស្រ្តបែបណាខ្លះ?

ក្នុងចំណោមដំណាក់កាលទាំង៣នៃការអភិវឌ្ឍរបស់កុមារតូចមានដូចជា៖ 
•  ដំណាក់កាលទី១ គឺជាដំណាក់កាលសំខាន់ (អាយុ០ឆ្នាំ ដល់អាយុ២ឆ្នាំ)។ ដំណាក់កាលនេះ ជាវ័យដែលត្រូវយកចិត្តទុកដាក់ និងមានភាពហ្មត់ចត់ តាំងពីអាហារូបត្ថម្ភ ការប្រើប្រាស់ថ្នាំសង្កូវ ការថែរក្សាផ្លូវចិត្តជាដើម។ 
•  ដំណាក់កាលទី២ ចាប់ពីអាយុ៣ ដល់៥ឆ្នាំ គឺជាវ័យដែលកុមារត្រូវចូលសាលាមត្តេយ្យ ជាវ័យចាប់ផ្តើមរៀនដំបូង។ វ័យនេះ ជាវ័យកុមារត្រូវបង្រៀនឱ្យចាប់កាន់ខ្មៅដៃ រៀនដើរ រៀនលោត រៀនធ្វើទំនាក់ទំនងជាមួយអ្នកអាណាព្យាបាល ជាមួយអ្នកប្លែកមុខ ក៏ដូចជាមួយមិត្តភក្តិនៅសាលារៀនផង។
•  ដំណាក់កាលទី៣ គឺនៅក្នុងវ័យ៦ឆ្នាំ ដល់១២ឆ្នាំ ជាវ័យចាប់ផ្តើមចូលរៀន។ វ័យនេះ គឺកុមារចាប់ផ្តើមដឹងថា សាលារៀនគឺជាកាតព្វកិច្ចរបស់គាត់។ ក្នុងវ័យនេះ ទាមទារឱ្យលោកឪពុកអ្នកម្តាយចំណាយពេលវេលាជាមួយគាត់ ហើយក៏ជាវ័យដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវធ្វើជាគំរូដល់កូនៗផងដែរ។
“ឧទាហរណ៍ថា យើងចង់ឱ្យគាត់ធ្វើកិច្ចការផ្ទះ ក្នុងនាមយើងជាឪពុកអ្នកម្តាយ យើងត្រូវទៅអង្គុយក្បែរគាត់ ហើយណែនាំ ពន្យល់ដល់គាត់ ដូចនេះវិធីសាស្រ្តនៅក្នុងការជួយកុមារនៅវ័យបឋមនេះ គឺ ការធ្វើជាគំរូដ៏ល្អដល់គាត់”។

វិធីសាស្រ្តក្នុងការអប់រំកុមារ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះកូនៗ។ ឪពុកម្ដាយ ជាគំរូមួយសម្រាប់កូនៗ ដើម្បីឱ្យកូនដើរតាមគន្លងធម៌ ក្លាយជាមនុស្សដែលប្រព្រឹត្តតែអំពើល្អ។ យ៉ាងណាមិញ ឪពុកម្ដាយត្រូវតែប្រព្រឹត្តអាកប្បកិរិយាល្អ មានទម្លាប់ល្អ ឱ្យកូនឃើញជាមុនសិន។ ម៉្យាងទៀតកុមារអាចទទួលបានលទ្ធផលសិក្សាល្អប្រសើរ ត្រូវរួមចំណែកធំ៣គឺការចូលរួមចំណែកពីឪពុកម្តាយ ការរួមចំណែកពីសាលារៀន និងការចូលរួមចំណែកពីកុមារខ្លួនឯងផ្ទាល់ផងដែរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://education.ams.com.kh/children-education