សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានប្រារព្ធពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ប្រកបដោយបរិយាកាសរីករាយបំផុត ព្រោះតែមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ នៅក្នុងពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា គណៈគ្រប់គ្រងសាលាបានបង្កើតកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្តល់ឱកាសដល់កុមារតូចៗបានសប្បាយរីករាយផង និងបញ្ចេញសមត្ថភាព ទេពកោសល្យ ឬភាពប៉ិនប្រសប់របស់ពួកគេតាមរយៈការសម្ដែង និងលេងល្បែងកម្សាន្តផ្សេងៗ។
កម្មវិធីពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ រៀបចំធ្វើនៅពេលនោះ គឺដើម្បីឆ្លើយតបនឹងសិទ្ធិសេរីភាពកុមារ ក៏ដូចជាចូលរួមបង្កើនការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ និងបង្ហាញពីការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងរបស់កុមារផងដែរ។ កុមារគឺជាចំណែកមួយនៃមនុស្សទូទៅនៅលើពិភពលោក ដែលទាមទារការអភិវឌ្ឍផ្នែកសារពាង្គកាយ បញ្ញា ស្មារតី និងត្រូវការអប់រំសមត្ថភាពចំណេះដឹងជាដើម។ កុមារទាំងឡាយមិនត្រឹមតែត្រូវការអប់រំសីលធម៌ សុជីវធម៌ និងបំណិនជីវិតពីសំណាក់លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលប៉ុណ្ណោះទេ តែក៏ត្រូវការយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនពួកគេផងដែរ។