ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ”
អត្ថបទដកស្រង់ដោយ : សាត សារឿន
#MJQE #AmericanInterconSchool

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ0៣ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ឬ១៥ ខែមេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិកជាខែទី១២ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ(ខែទី៥) ដែលព្រះអាទិត្យចរចេញពីមីនារាសីចូលកាន់មេសារាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ខែចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤។ 

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត) មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិអែបគ្នាទៅនឹងសុរិយគតិដែរ ព្រោះចន្ទគតិមានការទាក់ទងទៅនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ៤កើត ខែចេត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខ។ ចំពោះពិធីផ្សេងៗខ្មែរយើងរៀបចំតាមប្រពៃណី គឺនៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សម្អាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក កាត់សម្លៀកបំពាក់ថ្មីៗជាដើម ។ មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចំនួន០១ ឬ០២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នាសម្អាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបចំគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីមានដូចជា៖ បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើច្រើនមុខតាមការចូលចិត្ត ឬតាមមហាសង្ក្រាន្តហោរាសាស្ត្រ។ ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេវតាថ្មី។ លុះដល់វេលាកំណត់ទេវតាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបចំគ្រឿងសក្ការនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់ បន់ស្រន់សុំ          សេចក្តីសុខចម្រើនគ្រប់ប្រការពីទេវតាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេវតានាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ។

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងរយះពេល៣បីថ្ងៃដោយមានការរៀបចំកម្មវិធីទៅតាមថ្ងៃនីមួយៗផងដែរ។ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឱ្យឈ្មោះថា ”ថ្ងៃសង្ក្រាន្ត” ដែលប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការៈ ដើម្បីទទួលទេវតាថ្មី។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។  ថ្ងៃទី២ ដែលប្រជាពលរដ្ឋឱ្យឈ្មោះថា “ថ្ងៃវារវ័នប័ត” ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ឬចែកទានដល់អ្នកទីទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ដែរ។ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថា “ថ្ងៃឡើងស័ក្តិ” តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេសគឺធ្វើពីធីស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិផងដែរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://thmeythmey.com/m/?page=detail&id=63751
-  https://kohsantepheapdaily.com.kh/article/162584.html