
មានពេលខ្លះ ក្នុងជីវិតរបស់មនុស្សគ្រប់រូប មិនចាំបាច់មានពាក្យច្រើន ក៏អាចធ្វើឱ្យបេះដូងរំភើបបាន។ ទិវាអ្នកម្តាយ គឺជាពេលវេលាដ៏កក់ក្តៅបំផុតមួយ ដែលរំលឹកឱ្យយើងឈប់សម្រាកពីភាពរវល់ ហើយងាកមកមើលមុខស្ត្រីម្នាក់ ដែលបានផ្តល់ទាំងជីវិត ស្នាមញញឹម និងការលះបង់ដោយមិនគិតខ្លួនឯង។
អ្នកម្តាយ គឺមិនត្រឹមតែជាអ្នកផ្តល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងដ៏ធំមួយ ដែលតែងតែចិញ្ចឹមបីបាច់ថែរក្សាកូនៗដោយក្តីស្រឡាញ់ឥតលក្ខខណ្ឌ ទោះបីជាក្នុងភាពនឿយហត់ ឬភាពលំបាកយ៉ាងណាក៏ដោយ។ ស្នាមដៃដែលធ្លាប់កាន់ដៃយើងដើរជំហានដំបូង គឺនៅតែជាកម្លាំងចិត្តមិនអាចមើលរំលងបានក្នុងដំណើរជីវិតរបស់កូនៗគ្រប់រូប។
ក្នុងបរិបទដ៏មានន័យនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ បានរៀបចំកម្មវិធីទិវាអ្នកម្តាយ ក្រោមប្រធានបទ “កម្លាំងចិត្តពីអ្នកម្តាយ ដើម្បីជ័យជម្នះ” ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។