អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ : “ការទទួលពាក្យរបស់អាហារូបករណ៍ Chevening របស់ចក្រភពអង់គ្លេស”
អត្ថបទដកស្រង់ដោយៈ ហុកសេង ប៊ុនឈឿន
#MJQE #AmericanInterconSchool
អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យតាម រយៈគេហទំព័រ chevening.org/apply.។ អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋានផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាបត្របរិញ្ញាបត្ររបស់ចក្រភពអង់គ្លេស អាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេពីផែនការទៅជាការពិតបាន។ អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សាកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស។ ក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។ ចាប់តាំងពីកម្មវិធីអាហារូបករណ៍ Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈ ជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ អាហារូបករណ៍ Chevening នឹងផ្តល់ចំនួន១៥០០កន្លែងដល់និស្សិតមកពីទូទាំងពិភពលោក។
បើយោងតាមឯអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជំរុញឱ្យមានការផ្លាស់ប្តូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើ អ្នកមានក្តីស្រមៃលើកទឹកចិត្តអ្នកដទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នក»។ លោកបានឱ្យដឹងទៀតថា «បណ្តាញអតីតនិស្សិតជ័យលាភីរបស់យើង គឺជាអ្នកមានឥទ្ធិល បានរំលែកបទពិសោធដូចគ្នាដែលអ្នកចង់ធ្វើដែរ។ ពួកគាត់អាចផ្តល់ការលើកទឹកចិត្ត ការណែនាំ ដំបូន្មាន និងទំនាក់ទំនង។ នៅពេលដែលអ្នកត្រឡប់មកកាន់ប្រទេសអ្នកវិញ បន្ទាប់ពីបញ្ចប់ការសិក្សារបស់អ្នក អ្នកគួរមានអារម្មណ៍ថាអ្នកមានជំនាញច្បាស់លាស់ ដើម្បីចាប់ផ្តើមធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងប្រទេសកម្ពុជា»។ បេក្ខជនត្រូវដាក់ពាក្យមុនថ្ងៃផុតកំណត់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទដកស្រង់ចេញពី៖ ខ្មែរថាមស៍
- https://www.khmertimeskh.com/501536412/%E1%9E%80%E1%9E%9A%E1%9E%91%E1%9E%91%E1%9E%9B%E1%9E%96%E1%9E%80%E1%9E%99%E1%9E%9A%E1%9E%94%E1%9E%9F%E1%9E%A2/