ទម្លាប់សាមញ្ញទាំងនេះ អាចជួយឱ្យយើងមានអាយុវែង

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ទម្លាប់សាមញ្ញទាំងនេះ អាចជួយឱ្យយើងមានអាយុវែង”
អត្ថបទដកស្រង់ដោយ : គុណ ភ័ត្រ្តា
#MJQE #AmericanInterconSchool

ការថែទាំសុខភាពគឺជារឿងដ៏សំខាន់មួយដែលគ្រប់គ្នាគប្បីយកចិត្តទុកដាក់ឱ្យបានដិតដល់។ នៅពេលដែលយើងចាប់ផ្ដើមទម្លាប់ប្រចាំថ្ងៃដែលល្អចំពោះសុខភាព នោះរាងកាយរបស់យើងនឹងនៅតែរឹងមាំ ក៏ដូចជាចៀសផុតពីជំងឺផ្សេងៗ។ យ៉ាងណាមិញ យោងតាមការសិក្សាមួយបានបង្ហាញថា បុរស និងស្ត្រីដែលរក្សាទម្លាប់រស់នៅប្រកបដោយសុខភាពល្អមានហានិភ័យទាបនៃការស្លាប់ដោយជំងឺសរសៃឈាមបេះដូងដល់ទៅ៨២% និងជំងឺមហារីកចំនួន៦៥% បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានបែបបទរស់នៅល្អ។ ការសិក្សាដដែលនេះបានណែនាំទម្លាប់សាមញ្ញទាំងប្រាំនេះ ដែលជះឥទ្ធិពលដ៏ខ្លាំងក្លាចំពោះអាយុជីវិតរបស់យើង មានដូចខាងក្រោម៖

១. រក្សារបបអាហារល្អ :
ពិតណាស់ ការញ៉ាំរបបអាហារមិនល្អ និងគ្មានតុល្យភាពអាចបណ្ដាលឱ្យកើតមានជំងឺដ៏គ្រោះថ្នាក់ជាច្រើនដូចជា សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម។ ចំណែកឯរបបអាហារដែលមានសុខភាពល្អ គប្បីបញ្ចូលអាហារកែច្នៃក្នុងកម្រិតតិចតួច ញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល បន្លែ ផ្លែឈើ និងប្រភពធម្មជាតិនៃប្រូតេអ៊ីនដូចជា ត្រី និងសណ្ដែកឱ្យបានច្រើន។

២. ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ :
ជាមួយគ្នានេះដែរ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃមានសារសំខាន់ណាស់។ យោងតាមការសិក្សាមួយពីវិទ្យាស្ថានជំងឺមហារីកថ្នាក់ជាតិ (NCI) បានបង្ហាញថា គ្រាន់តែយើងធ្វើលំហាត់ប្រាណតិចតួចប្រចាំថ្ងៃ ក៏អាចបង្កើនអាយុរបស់យើងដល់ទៅ៤,៥ឆ្នាំផងដែរ។

៣. រក្សាទម្ងន់ត្រឹមត្រូវ :
បន្ថែមពីនេះ ការគ្រប់គ្រងទម្ងន់ខ្លួនឱ្យមានតុល្យភាពក៏អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកសុដន់ថែមទៀតផង។ ជាទូទៅ ទម្ងន់ខ្លួនសមស្របរបស់មនុស្ស ម្នាក់ៗមិនដូចគ្នាទេ ប៉ុន្តែប្រសិនបើយើងមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចន្លោះពី១៨,៥ និង២៤,៩ បានន័យថាយើងមានទម្ងន់ខ្លួនដែលមានសុខភាពល្អ។

៤. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង :
ជាក់ស្ដែង ការញ៉ាំគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពរបស់យើងដូចជា ការឡើងទំហំចង្កេះ និងបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើន។ ដូច្នេះហើយ យើងគប្បីញ៉ាំវានៅក្នុងបរិមាណមួយសមល្មម ដោយត្រឹមតែមួយកែវសម្រាប់ស្ត្រី និងពីរកែវសម្រាប់បុរសក្នុងមួយថ្ងៃ។

៥. ចៀសវាងការជក់បារី :
យើងគ្រប់គ្នាប្រហែលជាបានដឹងហើយថា ការជក់បារីផ្ដល់ហានិភ័យដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាការផ្ដាច់បារីមិនមែនជារឿងងាយស្រួលក៏ពិតមែន ប៉ុន្តែប្រសិនបើយើងមានការតស៊ូព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់ យើងច្បាស់ជាអាចធ្វើទៅបាន។