ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

មូលនិធិ ម៉េងលី ជេ. គួច ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» ដោយមានការនិមន្ដ ចូលរួមជាអធិបតីដ៏ឧត្តុង្គឧត្តមពីសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព និងមានការចូលរួមផងដែរពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកអាណាព្យាបាល និងសាធារណជននានា។ 

យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់នូវសុខមាលភាពសហគមន៍ បង្កើនស្មារតីមនុស្សធម៌ និងការចែករំលែកទឹកចិត្តសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រដល់ការផ្គត់ផ្គង់ឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសស្ត្រី កុមារ ចាស់ជរា ដែលកំពុងសម្រាកព្យាបាល ឬសង្គ្រោះបន្ទាន់នៅតាម មន្ទីរពេទ្យនានា។
ក្នុងឱកាសនេះ មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ដែលបាន និងកំពុងគាំទ្រយ៉ាងសកម្មចំពោះយុទ្ធនាការនេះ។

មូលនិធិ ម៉េងលី ជេ. គួច សង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការធនាគារឈាម នឹងបន្តទទួលបានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន ដើម្បីរួមចំណែកបង្កើតសង្គមមួយដែលពោរពេញដោយការចែករំលែក ក្តីស្រឡាញ់ និងមនុស្សធម៌៕