បច្ចេកវិទ្យាទាំង៥ ដែលរីកចម្រើនខ្លាំង

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “បច្ចេកវិទ្យាទាំង៥ ដែលរីកចម្រើនខ្លាំង”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE #AmericanInterconSchool 

បច្ចេកវិទ្យា (មកពីពាក្យបាលី បច្ចេក និងសំស្រ្កឹត-វិទ្យា) គឺជាការប្រមូលផ្ដុំនៃឧបករណ៍រួមមាន គ្រឿងយន្ត បម្រែបម្រួល ការរៀបចំ និងរបៀបវិធានដែលប្រើប្រាស់ដោយមនុស្ស។ ការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រភេទមនុស្ស បានចាប់ផ្ដើមជាមួយការបំប្លែងធនធានធម្មជាតិទៅជាឧបករណ៍ប្រដាប់ប្រដាសាមញ្ញៗ។ 

វិទ្យាសាស្ត្រ ដែលមកពីភាសាឡាតាំងថា scientia មានន័យថា បណ្ដុំនៃការសិក្សាដែលបង្កើត និងរៀបចំចំណេះដឹងជាទម្រង់នៃការបកស្រាយ ព្រមទាំងការព្យាករណ៍គួរឱ្យទុកចិត្តអំពីធម្មជាតិ និងសកលលោក ។  ដោយយល់ឃើញបែបនេះ គេក៏សង្កេតឃើញច្ចេកវិទ្យាចំនួន៥ ដែលមានសន្ទុះរីកចម្រើនខ្លាំងរួមមាន៖

១. បច្ចេកវិទ្យាបៃតង : យោងតាមការប៉ាន់ស្មានរបស់ McKinsey Digital ការផ្លាស់ប្តូរពីប្រើឥន្ធនៈហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ នឹងជួយសេដ្ឋកិច្ចសន្សំប្រាក់ចំនួន១២ពាន់ពាន់លានដុល្លារ នៅ        ទូទាំងពិភពលោកនាឆ្នាំ២០៥០។ រដ្ឋាភិបាល និងរោងចក្រឧស្សាហកម្ម នឹងផ្តោតលើការធ្វើមាត្រដ្ឋាន    បច្ចេកវិទ្យាបៃតង ដែលមានស្រាប់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីចាប់ពីឆ្នាំ២០២៣ ក្នុងគោលដៅរក្សាការឡើងកម្ដៅផែនដីឱ្យនៅទាបជាង១,៥អង្សាសេ។ បច្ចេកវិទ្យាដែលរំពឹងថានឹងមានការរីកចម្រើនខ្លាំងគឺ   អ៊ីដ្រូសែនបៃតង (Green Hydrogen) ដែលជាប្រភពថាមពលស្អាតថ្មី អនុញ្ញាតឱ្យថាមពលពីការកកើតឡើងវិញអាចចាប់យក និងដឹកជញ្ជូនបានចម្ងាយឆ្ងាយពីតំបន់ដែលមានធនធានថាមពលខ្យល់ ឬថាមពលពន្លឺព្រះអាទិត្យច្រើនទៅទីតាំងដែលត្រូវការថាមពល។

២. បច្ចេកវិទ្យា Hyper-connectivity និង Cyber–resilience : បញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងជំរុញសកលភាវូបនីយកម្មនៃពិភពលោកមានការថមថយ និងបង្កើតឱ្យមានការបែកខ្ញែកនៃបណ្តាញអ៊ីនធឺណេត រួមជាមួយនឹងការប្រកួតប្រជែងឥទ្ធិពលនយោបាយទៅតាមប្លុក។ យ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកវិទ្យាកំពុងឆ្ពោះទៅរកការតភ្ជាប់កាន់តែច្រើន។ យោងតាម WE Forum ឧបករណ៍ចំនួន១៥ពាន់លាន នឹងត្រូវបានភ្ជាប់ទៅក្នុង Internet of Things (IoT) ក្នុងពេលបច្ចុប្បន្ន ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។ ការរីកចម្រើនដ៏ឆាប់រហ័សនេះ បាននាំឱ្យមានការវាយប្រហារតាមអ៊ីនធឺណិតកាន់តែច្រើនឡើង។ ស្របនឹងបញ្ហានេះ រដ្ឋាភិបាល និងនិយតករនៅតាមប្រទេសនីមួយៗ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាឧបករណ៍ដែលបាន        តភ្ជាប់អនុលោមតាមស្តង់ដាសុវត្ថិភាពអ៊ីនធឺណិតចុងក្រោយបំផុត។

៣. បច្ចេកវិទ្យា Quantum R&D : បច្ចេកវិទ្យា Quantum computing ដែលប្រើភាគល្អិត subatomic ដើម្បីបង្កើតវិធីថ្មីនៃការដំណើរការ និងរក្សាទុកព័ត៌មាន ទំនងជានឹងក្លាយជាបច្ចេកវិទ្យានាពេលអនាគត ។ ជាមួយនឹងដំណើរការតាមលំដាប់លំដោយលឿនជាងដំណើរការនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យា quantum នឹងជួយដោះស្រាយបញ្ហាស្មុគស្មាញដោយប្រើពេលកាន់តែខ្លី។ ទោះបីជាបច្ចេកវិទ្យា quantum នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែការវិនិយោគរបស់រដ្ឋាភិបាល និងឧស្សាហកម្មដ៏ធំមានន័យថា យើងទំនងជានឹងឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែក Hardware និង Software ក្នុងរយៈពេលដ៏ខ្លី ហើយផលិតផល quantum ចាប់ផ្តើមចូលទីផ្សារ។

៤. បច្ចេកវិទ្យាកែហ្សែន (Gene editing) : រហូតមកដល់ពេលថ្មីៗនេះ CRISPR-Cas9 ជាបច្ចេកវិទ្យាកែហ្សែន ដែលបានឈ្នះពានរង្វាន់ណូបែលគីមីវិទ្យាឆ្នាំ២០២០ ត្រូវបានគេប្រើជាបច្ចេកវិទ្យាជំនួយសម្រាប់ការស្រាវជ្រាវ ស្វែងយល់ពីសារៈសំខាន់នៃហ្សែនជាក់លាក់ និងការបង្កើតថ្នាំថ្មីៗ។ ចាប់តាំងពីមនុស្សទីមួយបានទទួលការព្យាបាលដោយកែប្រែហ្សែនជោគជ័យកាលពី៣ឆ្នាំមុន បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលពិការភ្នែកពីកំណើត ជំងឺបេះដូង និងជំងឺកោសិកាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ យោងតាមការស្រាវជ្រាវថ្មីៗនេះ ជំងឺវង្វេង (Alzheimer’s) និងការឈឺចាប់រ៉ាំរ៉ៃ ក៏អាចព្យាបាលដោយប្រើ CRISPR ដែរ។

៥. បញ្ញាសិប្បនិម្មិត (AI) : បច្ចុប្បន្នយើងសង្កេតឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវគេឃើញនៅទីកន្លែងទាំងអស់ក្នុងទិដ្ឋភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ យើងមិនគួរភ័យខ្លាចខ្លាំងហួសហេតុចំពោះការរីកចម្រើននៃបច្ចេកវិទ្យានេះទេ  ប៉ុន្តែយើងគួរព្យាយាមសម្របទៅនឹងការរីកចម្រើននេះ និងសិក្សាបន្ថែមពីវត្តមានរបស់វា។ ការដាក់ចេញនូវបច្ចេកវិទ្យាថ្មីៗក្នុងកម្រិតមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក គឺជាកត្តាចាំបាច់ដ៏អស្ចារ្យនៃសម័យកាល និងសម័យរបស់
យើង។ ប្រសិនបើបច្ចេកវិទ្យាទាំងនេះ អាចជួយមនុស្សឱ្យដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក អ្វីដែលយើងទទួលបាន គឺការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម៕

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖
-  https://km.m.wikipedia.org/wiki
-  https://km.m.wikipedia.org/wiki
-  https://education.ams.com.kh