ការសម្ដែងសៀកហ្វារនៅខេត្តសៀមរាប

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត 
ក្រោមប្រធានបទ “ការសម្ដែងសៀកហ្វារនៅខេត្តសៀមរាប”
អត្ថបទដកស្រង់ដោយ : គិន លីហាក់
#MJQE #AmericanInterconSchool

ក្រោយពីការទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាបអស់រយះពេល១ថ្ងៃរួចហើយ តើលោកអ្នកគួរ ចំណាយពេលវេលាជាមួយក្រុមគ្រួសារដើម្បីញ៉ាំអាហារពេលល្ងាចនៅកន្លែងណា? ថ្ងៃនេះខ្ញ៉ុសូមណែនាំកន្លែងមួយដែលលោកអ្នកអាចញ៉ាំអាហារពេលល្ងាច បូករួមជាមួយនឹងការដើរទិញទំនិញដូចជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ វត្ថុអនុស្សាវរីយ៍ និងការសម្ដែងសៀកបន្ដផ្ទាល់ដោយសិល្បករមកពីអង្គការហ្វារពន្លឺសិល្បៈ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចំណាយពេលទស្សនាការសម្ដែង    សៀកហ្វារនៅខេត្តសៀមរាប៖

-  ការសម្ដែងសៀកហ្វារ គឺពិតមានន័យជាងសៀកកាយសម្ព័ន្ធធម្មតា។ លោកអ្នកអាចទស្សនាការសម្ដែងសៀកដែលសាច់រឿងមានការដកស្រង់ចេញពីប្រវត្តិសាស្រ្តថ្មីៗ រឿងព្រេង និងសង្គមនៅក្នុងសម័យទំនើប ដែលសិល្បករបានបង្កើតឡើងជាមួយនឹងការសម្តែងដោយផ្អែកលើបទពិសោធជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ សិល្បករក៏បានបូកបញ្ចូលគ្នានូវសាច់រឿងចេញពីរឿងល្ខោន របាំ ការប្រគំតន្ត្រីបន្តផ្ទាល់ និងសិល្បៈសៀក ដើម្បីចែករំលែកផ្នែកមួយនៃជីវិតរបស់ពួកគេជាមួយទស្សនិកជនផងដែរ។
 
-  តើលោកអ្នកដឹងទេថា សិល្បករហ្វារគឺជាក្រុមនិស្សិតដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌល       បណ្តុះបណ្តាលវិជ្ជាជីវៈរបស់ហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបង។ សមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយជនភៀសខ្លួន និងជនរងគ្រោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឱ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។

-  ជាទូទៅការសម្ដែងសៀកតែងតែមានការប្រើប្រាស់សត្វផ្សេងៗ ប៉ុន្ដែសិល្បករហ្វារជ្រើសរើសការសំដែងតំណាងឱ្យតួអង្គសត្វដែលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពារសត្វផងដែរ។ សំខាន់ជាងនេះទៅទៀត ធាតុទំនើបនៃសៀកហ្វារក៏មានការបញ្ចូលនូវសិល្បៈសម័យថ្មីជាច្រើនដូចជា របាំហ៊ីបហប ការបង្វិលភ្លើង និងការរាំរែក…។

ចំពោះកម្មវិធីពេលល្ងាចចាប់ផ្តើមនៅម៉ោង៥:៣០ល្ងាច ជាមួយអាហារលក្ខណៈបែបតាមផ្លូវ ភេសជ្ជៈ ការទិញទំនិញ និងសកម្មភាពផ្សេងៗមុនការសម្ដែង។ ការសម្តែងសៀកបន្តផ្ទាល់នឹងចាប់ផ្តើមនៅម៉ោង ៨:០០យប់។ កម្មវិធីនេះដំណើរការប្រហែល១ម៉ោង ជាមួយឱកាសដើម្បីជជែកកម្សាន្ត និងថតរូបជាមួយសិល្បករដោយផ្ទាល់។ ប្រសិនបើអ្នកមានគម្រោងទៅកាន់ខេត្តសៀមរាបនៅពេលក្រោយ សូមកុំភ្លេចចំណាយពេលទស្សនាការសម្ដែងសៀកផ្ទាល់នៅហ្វារ។ ចំពោះតម្លៃសំបុត្រសម្រាប់ការទស្សនាគឺមានតម្លៃផ្សេងៗគ្នាដោយផ្អែកលើការជ្រើសរើសកន្លែងទស្សនា និងអាយុរបស់អ្នកទស្សនា។

ការចូលរួមទស្សនារបស់លោកអ្នក គឺជាផ្នែកមួយដើម្បីលើកតម្កើងសិល្បៈសៀកនៅប្រទេសកម្ពុជា ក៏ដូចជាការទ្រទ្រង់ដល់ជីវភាពរបស់សិល្បករសិល្បការនីផងដែរ។

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖ https://pharecircus.org