ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា?

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា?”

អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី

#MJQE #AmericanInterconSchool

 

ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី ... សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និងធ្វើឱ្យអាកាសធាតុប្រែប្រួល  ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះដល់សុខភាព ?

ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នតាមរយៈរបាយការណ៍ជាបន្តបន្ទាប់អំពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ផ្ទាំងទឹកកករលាយ ទឹកមហាសមុទ្រឡើងកម្ពស់ គំរាមត្របាក់តំបន់ឆ្នេរទំនាប ព្យុះភ្លៀងកំណាចលែងមាន រដូវទឹកជំនន់កាន់តែធំ ភាពរាំងស្ងួតកាន់តែញឹកញាប់ សីតុណ្ហភាពឡើងក្តៅហួសហេតុ កំហែងជីវិតជីវចម្រុះឱ្យប្រឈមនឹងការផុតរលត់ ... ទាំងនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ បើតាមអ្នកជំនាញគឺបណ្តាលមកពីកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបញ្ចេញដោយស្នាដៃមនុស្សតាមរយៈការប្រើចំហេះផូស៊ីល (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។ ការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យបរិស្ថានប្រែប្រួលយ៉ាងខ្លាំង និងអាចជះឥទ្ធិពលធ្ងន់ធ្ងរ និងដោយផ្ទាល់លើសុខភាពរបស់មនុស្ស។ តំបន់មានហានិភ័យខ្ពស់ជាងគេគឺ តំបន់ទំនាបជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្ទឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុជាភ្នាក់ងារសម្លាប់ជីវិតមនុស្សយ៉ាងហោច១៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ និងឡើងដល់ទ្វេដងនៅឆ្នាំ២០៣០។

 

តើការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់សុខភាពយ៉ាងណា?

អ្នកស្រីវេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យជំនាញសួត នៅមន្ទីរពេទ្យ Avicennes ជាយទីក្រុងប៉ារីស៖ “ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាពមានច្រើន។ យើងអាចរាប់ជាឧទាហរណ៍ ទាក់ទងនឹងជំងឺផ្លូវដង្ហើម ការឡើងកម្តៅខ្លាំងនឹងធ្វើឱ្យអ្នកមានជំងឺផ្លូវដង្ហើមស្រាប់ត្រូវការទៅរកការព្យាបាលពីគ្រូពេទ្យកាន់តែញាប់ និងមានហានិភ័យមរណៈកាន់តែខ្ពស់ ដោយហេតុតែមានបញ្ហាសរសៃឈាម។ ទាក់ទងនឹងការឡើងកម្តៅខ្លាំងដែរ នៅពេលសីតុណ្ហភាពឡើងខ្ពស់ ភាពប្រឈមនឹងអូហ្សូនក៏កាន់តែខ្លាំង អ្នកមានជំងឺផ្លូវដង្ហើម ហឺត រលាកសួតរ៉ាំរ៉ៃ កាន់តែពិបាករកដង្ហើមថែមទៀត។ អាកាសធាតុប្រែប្រួល មេឃកាន់តែក្តៅ រដូវលែងទៀង រយៈពេលរុក្ខជាតិចេញផ្កា សាយលម្អង អូសបន្លាយ និងកាន់តែវែង មនុស្សងាយកើតអាល់ឡែកហ្ស៊ី កាន់តែច្រើន ជំងឺទាក់ទងនឹងអាល់ឡែកហ្ស៊ីកាន់តែធ្ងន់ធ្ងរ។ ឥឡូវនេះ មានមនុស្សប្រមាណ៣០% មានបញ្ហារលាកច្រមុះដោយអាល់ឡែកហ្ស៊ី តែថ្ងៃមុខនឹងចំនួនអ្នកជំងឺប្រភេទនេះនឹងមានកើនច្រើនឡើងៗជារៀងរាល់ឆ្នាំ។” ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ លើសុខភាពទូទៅរបស់មនុស្ស តែនៅពេលគេនិយាយអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាព គេតែងភ្ជាប់ និងនឹកគិតឃើញភ្លាមស្ទើរជាស្វ័យប្រវត្តិដល់បញ្ហាគុណភាពខ្យល់ក្នុងបរិយាកាស ដល់ផលវិបាកនៃខ្យល់ពុល។ អ្នកស្រីវេជ្ជបណ្ឌិត Sesé៖ « សព្វថ្ងៃនេះ គ្រូពេទ្យផ្នែកសួតប្រឹងប្រែងពន្យល់អំពីបញ្ហាខ្យល់ពុលប្រាប់ទៅអ្នកជំងឺជាញឹកញយ យើងបញ្ជាបអំពីផលវិបាកនៃការជក់បារីដែរ ព្រោះយើងដឹងថា ខ្យល់ពុលជាអ្នកផ្តួចផ្តើមឱ្យលេចមានជំងឺខ្លះ មានជាអាទិ៍ជំងឺហឺតលើកុមារ មហារីកលើអ្នកមិនជក់បារី ... នេះជាឧទាហរណ៍ជាក់ស្តែងដែលមានការសិក្សាបញ្ជាក់ត្រឹមត្រូវ។ បន្ទាប់មកទៀត ខ្យល់ពុលសម្រួលឱ្យជំងឺកាន់តែឆាប់ធ្ងន់ធ្ងរដូចជា ជំងឺក្រិនថ្លើម ហឺត រលាកទងសួត។ ដូច្នេះអ្នកជំងឺត្រូវស្វែងយល់អំពីព័ត៌មានទាក់ទងនឹងគុណភាពខ្យល់ និងឆាប់រួសរាន់រកជំនួយពីគ្រូពេទ្យនៅពេលឃើញមានរោគសញ្ញាចាប់ធ្លាក់ដុនដាប។ ហើយយើងក៏បង្រៀនអ្នកជំងឺឱ្យយល់ដឹងនិងប្រុងប្រយ័ត្នចំពោះគុណភាពខ្យល់ក្នុងផ្ទះទៀត។” ការប្រែប្រួលអាកាសធាតុ ជាដើមហេតុបង្កឱ្យលេចជំងឺថ្មីៗ?

ការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការប្រែប្រួលជាខ្សែបន្តបន្ទាប់គ្នា តាំងពីការលេចពូជសត្វរុក្ខជាតិថ្មី ទៅការប្តូរផ្លាស់ឥរិយាបថដែលនាំផលរំខានដោយមិនផ្ទាល់ដល់មនុស្សគ្រប់រូប។ ជាក់ស្តែងការឡើងកម្តៅអាកាសធាតុ អាចសម្រួលឱ្យមានលេច និងការរីកសាយភាយពួកមីក្រុប រុក្ខជាតិ និងសត្វចង្រៃ ដែលអាចជាប្រភពនាំឱ្យមានជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬជំងឺឆ្លង។ អ្នកស្រីវេជ្ជបណ្ឌិត Sesé៖ “ការប្រែប្រួលអាកាសធាតុច្បាស់ណាស់ថាជាកត្តានាំជំងឺកាន់ងាយធ្ងន់ធ្ងរ តែវាក៏ជាកត្តាដើមហេតុនាំកើតមានជំងឺថ្មី។ គេដឹងថា ខ្យល់ពុលបានធ្វើឱ្យមានមនុស្សធ្លាក់ខ្លួនកើតអាល់ឡែកហ្ស៊ីកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ហើយគេដឹងទៀតថា ខ្យល់ពុលអាចបង្កើនកម្លាំងវីរុស បង្កើនសមត្ថភាពចម្លងរបស់វីរុស។ ដូច្នេះ កត្តាបរិស្ថានខ្លះ ជាដើមហេតុនាំឱ្យលេចឡើងនូវជំងឺថ្មីៗ។” ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងដែលមានភ្នាក់ងារចម្លងជាសត្វ កំពុងស្ថិតក្នុងការតាមដានជា         ពិសេស។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក៏បានរាប់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុថា ជាភ្នាក់ងារចម្លងជំងឺបង្កឡើងដោយមេរោគដែរ ព្រោះការឡើងកម្តៅអាកាសធាតុ សម្រួល និងពន្លឿនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាមគ្រុនឈីក និងហ្ស៊ីកា។ បើតាមអង្គការសុខភាពពិភពលោក ការឡើងកម្តៅអាកាសធាតុ២ទៅ៣អង្សា នឹងបង្កើនអត្រាមនុស្សកើតជំងឺគ្រុនចាញ់៥% ហើយមនុស្សយ៉ាងហោច២ពាន់លាននាក់ត្រូវរស់ប្រឈមនឹងគ្រោះកើតជំងឺគ្រុនឈាម នៅឆ្នាំ២០៨០។ ការឡើងកម្តៅខ្យល់បរិយាកាស ជះឥទ្ធិពលដោយផ្ទាល់ទៅលើសុខភាពមនុស្ស ដោយត្រូវប្រឈមនឹងជំងឺក្តៅខ្លួនញយៗ និងជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម ដែលអាចជំរុញឱ្យអត្រាមរណៈឡើងខ្ពស់លើសធម្មតា។ ការសិក្សារបស់អាជ្ញាធរសុខាភិបាលបារាំងទើបបានចេញផ្សាយរបាយការណ៍ថ្មីមួយបញ្ជាក់អំពីកំណើនគួរឱ្យកត់សម្គាល់នៃអត្រាមរណៈដោយហេតុអាកាសធាតុក្តៅខ្លាំង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km