អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “នំខ្មែរទាំង៥ប្រភេទ និយមធ្វើពេលបុណ្យភ្ជុំបិណ្ឌ”
អត្ថបទដកស្រង់ដោយ : ទ្រី សុខហៀង
#MJQE #AmericanInterconSchool
ពិធីបុណ្យភ្ជុំបិណ្ឌ ជារដូវកាលជួបជុំដ៏ធំមួយតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង និងត្រូវទៅវត្តធ្វើបុណ្យធ្វើទាន ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយ ពិសេសគឺសម្រាប់អ្នកដែលមានញាតិមិត្ត ឬ សមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។
តាមទំនៀមទម្លាប់ខ្មែរយើង ក្នុងពិធីភ្ជុំបិណ្ឌតាំងពីបរមបុរាណមក តែងធ្វើម្ហូបអាហារឆ្ងាញ់ៗ ពិសេសគឺធ្វើនំជាច្រើនប្រភេទមានរសជាតិឆ្ងាញ់ពិសា ចែកញាតិមិត្តបងប្អូនញាំជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅ នឹងទទួលនូវបានពរជ័យដែលធ្វើឱ្យជីវិតយើងជួយតែក្តីសុខ ចម្រើន រកស៊ីមានបាន។ ចំពោះនំខ្មែរទាំង៥ប្រភេទ ដែលនិយមធ្វើពេលបុណ្យភ្ជុំបិណ្ឌ មានដូចខាងក្រោម៖
១. នំអន្សម :
ជានំមួយប្រភេទដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ ទាំងនៅទីក្រុង ឬទីជនបទ។ នំអន្សមមានប្រភេទដូចជា អន្សមស្នូលសណ្ដែក ស្នូលសាច់ជ្រូក ស្នូលផ្អែម និងស្នូលចេកជាដើម។ អន្សមត្រូវបានគេនិយមវេចនៅពេលពិធីបុណ្យចូលឆ្នាំ ភ្ជុំ ពិធីភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និងឡើងផ្ទះជាដើម។ គ្រឿងផ្សំមានដូចជា អង្ករដំណើប ដូងទុំ សណ្ដែក ស្ករត្នោត និងចេកទុំ។ គេច្រើនប្រើស្លឹកចេក ដើម្បីវេចខ្ចប់ និងចម្អិនដោយស្ងោរ។
២. នំបត់ ឬនំគម :
ជាប្រភេទនំ ប្រើម្សៅអង្ករដំណើប ខ្ចប់ដោយស្នូលសណ្ដែក ស្នូលដូង នៅខាងក្នុងខ្ចប់រាងសំប៉ែតៗ និងចម្អិនដោយការចំហុយ។ នំប្រភេននេះ ភាគច្រើនត្រូវបានគេលក់តាមទីផ្សារ និងមានក្នុងពិធីនានានៅក្នុងទីក្រុងភ្នំពេញ។
៣. នំជាល :
ធ្វើពីម្សៅដំណើបលាយស្ករដាក់ក្នុងជាលតូចៗដែលទ្រាប់ស្លឹកចេកនៅបាត និងនៅរង្វង់ជុំវិញថាសចម្អិនដោយចំហុយ។ នំនេះជាប្រភេទនំសាមញ្ញបំផុត គ្រាន់តែជានំម្សៅអង្ករដែលមានរសជាតិផ្អែម ឡែមៗ។ មូលហេតុបានជាគេហៅវាថា នំជាល ព្រោះនំនេះអាចរក្សាទុកបានរយៈពេលយូររហូតរាប់ខែ ដោយទុកចោលក្នុងជាល។
៤. នំកាតំ :
នំនេះធ្វើឡើង ដោយអង្ករដំណើប លាយជាមួយសណ្ដែកស ឬសណ្ដែកខ្មៅ ដូងទុំ អំបិលបន្តិច និងច្រកចូលក្នុងកូនកាតំ ដែលធ្វើពីស្លឹកត្នោត រួចយកទៅស្ងោរដូចជានំអន្សមដែរ។ នំប្រភេទនេះ ភាគច្រើនអ្នករស់នៅតាមស្រុកស្រែឧស្សាហ៍ធ្វើលក់ ឬពិសា ប៉ុន្ដែនៅក្នុងរាជធានីភ្នំពេញកម្រមានលក់ ណាស់។
៥. នំច័ក្កច័ន :
នំប្រភេទនេះមានច្រើនពណ៌ផ្សេងៗជាស្រទាប់ ខ្លះមានពណ៌ក្រហម លឿង បៃតង។ គេប្រើអង្ករខ្សាយ ម្សៅឆា ស្ករ អំបិល និងខ្ទិះដូង។ នំច័ក្កច័ន គេចម្អិនដោយចំហុយ។ ពលរដ្ឋខ្មែរភាគច្រើនស្គាល់នំប្រភេទនេះ ព្រោះសម្បូរមានលក់នៅលើទីផ្សារ។ «នំច័ក្កច័ន» ជាឈ្មោះនំស្រស់មួយយ៉ាងពួកនំកូរ មានស្រទាប់តម្រួតៗគ្នា ចម្រុះសម្បុរផ្សេងៗ។ គេតែងយកនំនេះធ្វើជាបង្អែមសម្រាប់ជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃភ្ជុំបិណ្ឌ ៕
អត្ថបតដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1300840#utm_campaign=onpage