អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រវត្តិសិល្បៈ អាយ៉ៃ”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE #AmericanInterconSchool
អាយ៉ៃ គឺជាឈ្មោះសិល្បៈប្រជាប្រិយខ្មែរមួយបែប ដែលតាមឯកសារខ្លះបង្ហាញថា គឺជាការហៅតាមឈ្មោះអ្នកច្រៀងចម្រៀងនេះម្នាក់ឈ្មោះ "តាយ៉ៃ" ដែលមានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងកើតនៅឆ្នាំ១៨៧៨។ តាយ៉ៃ ស្លាប់នៅឆ្នាំ១៩៥៨។ គាត់មានវោហាសព្ទពូកែណាស់ ហើយតាំងពីពេលនោះមក គេក៏លែងហៅគាត់ថាតាយ៉ៃៗ និងប្តូរមកហៅថាទៅមើល អាយ៉ៃៗច្រៀងតាមចាស់ហៅវិញទៅ។
សិល្បៈអាយ៉ៃនេះ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និងអាយ៉ៃរឿង។ ប៉ុន្តែក្នុងការច្រៀង អាយ៉ៃឆ្លើយឆ្លងនេះ ជួនកាលគេមានច្រៀងជាពីរគូ ឬបីគូដែរ។ ពីសម័យដើម ចម្រៀងអាយ៉ៃមិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែកូនកម្លោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួនត្រូវបានគេយកមកច្រៀងដូចជា បទបំពេ បទច្រៀងកាត់សក់… ជាដើម។
ឯឧបករណ៍សម្រាប់ប្រគំសិល្បៈអាយ៉ៃជំនាន់នោះ ចាស់ៗបានយកឧបករណ៍តន្រ្តីប្រភេទមហោរីដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និងក្រាប់មួយគូ។ ប៉ុន្តែរហូតមកដល់ក្នុងអំឡុងទសវត្សរ៍៥០ និង៦០ ជំនាន់លោក តា សង្ហាផន និង តាម៉ុក ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវបានគេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគំជំនួសវិញដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និងឆឹងមួយគូ។
សព្វថ្ងៃនេះ សិល្បៈនេះពុំសូវពេញនិយមសម្រាប់ក្មេងស្រករក្រោយនេះទេ ព្រោះចម្រៀង ឬសិល្បៈសម័យ បានសាបព្រោះយ៉ាងគគ្រឹគគ្រេង និងគ្មានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://km.wikipedia.org/wiki/អាយ៉ៃឆ្លើយឆ្លង