ប្រទេសកម្ពុជាមានប្រាសាទ៤ហើយ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត 
ក្រោមប្រធានបទ “ប្រទេសកម្ពុជាមានប្រាសាទ៤ហើយ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #AmericanInterconSchool

រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីរសៀល ម៉ោងនៅកម្ពុជា។ 

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយទើបតែឆ្នាំ២០២៣   គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆន្ទ  ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាល់ថា រមណីយដ្ឋានប្រាសាទកោះកេរ រក្សាបាននូវភាពស្មោះត្រង់ (Integrity) និងភាពត្រឹមត្រូវពិតប្រាកដ  (Authenticity) ពេញលេញ។

នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លាត្រូវបានទទួលស្គាល់ និងបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ជារួមគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន១០ហើយ រួមមាន៖ តំបន់អង្គរវត្ត (រូបី), របាំព្រះរាជទ្រព្យ (អរូបី), ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ប្រាសាទព្រះវិហារ (រូបី), ល្បែងទាញព្រ័ត្រ (អរូបី), ចាប៉ីដងវែង (អរូបី), ប្រាសាទសំបូរព្រៃគុក (រូបី), ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី), គុនល្បុក្តតោ (អរូបី) និង ប្រាសាទកោះកេរ (រូបី)៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh