បទពិសោធបន្ថែមសម្រាប់ធ្វើឱ្យដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកកាន់តែមានភាពសប្បាយរីករាយ

អត្ថបទព័ត៌មានស្តីពីការធ្វើដំណើរកម្សាន្ត
ក្រោមប្រធានបទ៖ “បទពិសោធបន្ថែមសម្រាប់ធ្វើឱ្យដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកកាន់តែមានភាពសប្បាយរីករាយ”
អត្ថបទដកស្រង់ដោយ : ទូច បញ្ញា
#MJQE #AmericanInterconSchool

ការធ្វើដំណើរកម្សាន្តក្រៅប្រទេស ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាបានរៀបចំគម្រោងទុកជាមុនរួចរាល់ហើយមុនពេលថ្ងៃធ្វើដំណើរមកដល់ រីឯអ្នកខ្លះទៀតបានរៀបចំគម្រោងទុកជាច្រើនខែក៏មាន។ ប្រសិនបើសួរថា តើមានវិធីណាសម្រាប់ឱ្យដំណើរកម្សាន្តរបស់អ្នកមានភាពល្អឥខ្ចោះ ខ្ញុំគិតថាគ្មានទេ ព្រោះអ្នកទាំងអស់គ្នាគឺចំណង់ចំណូលចិត្ត និងរបៀបធ្វើដំណើរកម្សាន្តផ្សេងៗពីគ្នា។ ហើយខ្ញុំក៏មានគន្លឹះមួយចំនួនសម្រាប់ជាការផ្លាស់ប្តូរបទពិសោធនៃការធ្វើដំណើររបស់ខ្ញុំ ដោយសង្ឃឹមថានឹងជួយឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ខាងក្រោមនេះ គឺជាបទពិសោធនៃដំណើរកម្សាន្តក្រៅប្រទេសរបស់ខ្ញុំ៖

1.  ជ្រើសយកទីកន្លែងដំណើរកម្សាន្តមួយដែលអ្នកមិនបានរំពឹងទុក និងសាកធ្វើដំណើរដោយខ្លួនឯង : 
ការធ្វើដំណើរកម្សាន្តទៅកន្លែងមួយដ៏ថ្មី ដែលអ្នកមិនដែលនឹកស្មានដល់នោះវានឹងធ្វើឱ្យអ្នកទទួលបានបទពិសោធ និងភាពរីករាយយ៉ាងខ្លាំងជាមួយទីកន្លែងទាំងនោះ។ ការធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍មានភាពងាយស្រួលសម្រាប់អ្នក ក៏ប៉ុន្តែខ្ញុំចង់ឱ្យអ្នកសាកល្បងធ្វើដំណើរកម្សាន្តដោយខ្លួនឯង ដោយចាកចេញពី comfort zone ហើយក្លាហាន ប្រឈមមុខជាមួយអ្វីដែលថ្មី រៀនពីអ្វីដែលអ្នកបានជួបនៅពេលធ្វើដំណើរ ហើយខ្ញុំក៏លើកទឹកចិត្តឱ្យអ្នកសាកល្បងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសតែម្នាក់ឯងយ៉ាងហោចណាស់ឱ្យបានម្តង។

2.  ភ្ញាក់ពីព្រលឹម : ការភ្ញាក់ពីព្រលឹមដើម្បីមើលថ្ងៃរះនៅទីកន្លែងមួយដែលថ្មី ដែលអ្នកមិនធ្លាប់ឃើញពីមុនមកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ រីករាយជាមួយទិដ្ឋភាពថ្មីនេះ។ ម្យ៉ាងវិញទៀត ចរាចរពេលព្រឹក គឺមានភាពងាយស្រួលមិនសូវកកស្ទះផងដែរ។

3.  ប្រើមធ្យោបាយសាធារណៈ : ការធ្វើដំណើរដោយមធ្យោបាយសាធារណៈនៅតាមប្រទេសនីមួយៗ គឺមានភាពខុសប្លែកពីគ្នា ដូចជាប្រទេសខ្លះនិយមប្រើរថភ្លើង ខ្លះប្រើរថយន្តក្រុង រម៉កតុកតុក ឬសាឡាងជាដើម។ ការប្រើមធ្យោបាយសាធារណៈអាចឱ្យអ្នកទទួលបានបទពិសោធដូចអ្នកស្រុកផ្ទាល់ យល់ដឹងពីរបៀបនៃការទិញសំបុត្រ និងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ថានេះជាដំណើរកម្សាន្តមួយដែលនាំមកនូវបទពិសោធថ្មីៗជាច្រើនសម្រាប់អ្នក។ ម្យ៉ាងវិញទៀត ការធ្វើដំណើរដោយមធ្យោបាយសារធារណៈ គឺមានតម្លៃធូរថ្លៃជាងមធ្យោបាយធម្មតា។

4.  Get Lost : អ្នកទាំងអស់គ្នា រួមទាំងខ្ញុំផងដែរ ប្រាកដជាបានគ្រោងទុកពីទីកន្លែងដែលយើងចង់ទៅ ហើយប្រាកដណាស់កន្លែងទាំងនោះអ្នកធ្លាប់បានឃើញយ៉ាងតិចក៏ម្តងដែរតាមរយៈរូបភាព តែនៅពេលដែលអ្នកបានឃើញពីកន្លែងថ្មីមួយដែលអ្នកមិនធ្លាប់នឹកស្មាន ឬសូម្បីគ្រោងទុក សាកគិតមើលតើអារម្មណ៍អ្នកទៅជាយ៉ាងណា? នេះគឺជាគន្លឹះអាថ៌កំបាំងតូចមួយដែលខ្ញុំតែងតែធ្វើនៅពេលធ្វើដំណើរកម្សាន្តរបស់ខ្ញុំ។

5.  ស្វែងយល់ពីវប្បធម៌ក្នុងស្រុក : ស្វែងយល់ពីវប្បធម៌ ប្រពៃណី ការស្លៀកពាក់ និងប្រវត្តិសាស្រ្តជាដើម នៃទីកន្លែងនីមួយៗ ហើយរីករាយជាមួយនឹងបទពិសោធថ្មីៗដែលយើងទទួលបាន។ 

6.  ភ្លក្សម្ហូបក្នុងតំបន់ : ការធ្វើដំណើរទៅក្រៅប្រទេសផ្តល់ឱ្យយើងនូវឱកាសដើម្បីសាកល្បងធ្វើម្ហូបពីតំបន់ផ្សេងៗ និងអាហារដែលអ្នកមិនធ្លាប់បានសាកល្បងពីមុនមក។ ការសាកល្បងអាហារប្រពៃណី គឺជាផ្នែកមួយនៃការរៀនអំពីវប្បធម៌របស់ប្រទេសមួយ ជាមួយសិល្បៈធ្វើម្ហូបប្លែកនៅបណ្តាប្រទេសក្នុងពិភពលោក ដូចជា ការសាកញ៉ាំស៊ូស៊ីរបស់ប្រទេសជប៉ុន ហ្វឺរបស់ប្រទេសវៀតណាម ប៉ានិពូរិរបស់ឥណ្ឌា និងមីហ្គូរេងម៉ាម៉ាករបស់ម៉ាឡេស៊ីជាដើម។ 

យ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្រ្តជាច្រើនទៀតសម្រាប់ជួយឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពសប្បាយរីករាយ និងទទួលបានអារម្មណ៍ពេញចិត្តជាមួយដំណើរកម្សាន្តរបស់អ្នក៕