ប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ ប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool

អគ្គិសនីមានសារៈសំខាន់ណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រោះឧបករណ៍ប្រើប្រាស់ភាគច្រើនដើរដោយចរន្តអគ្គិសនីមិនថានៅក្នុងគេហដ្ឋាន រោងចក្រ ឬឧស្សាហកម្មធំៗ។ តើអ្នកមានដែលឆ្ងល់ទេថា តើអ្នកណាជាអ្នករកឃើញវា? តាមពិតទៅ អគ្គិសនីគឺមានស្រាប់ពីធម្មជាតិដូចជាផ្លេកបន្ទោរ រន្ទះជាដើម។ ដូច្នេះយើងមិនអាចនិយាយបានទេថា អ្នកណាជាអ្នកបង្កើត តែយើងគួរតែនិយាយថា តើអ្នកណាជាអ្នករកឃើញ? 

ផ្នត់គំនិតអគ្គិសនីនេះ គឺត្រូវបានទស្សនៈវិទូជនជាតិក្រិកម្នាក់លើកឡើងមុនគេបង្អស់ គឺតាំងពី៥០០ ឬ ៦០០ឆ្នាំមុនគ.ស មកម្ល៉េះ ហើយគាត់ឈ្មោះថា ថាលេស។ នៅសម័យប្រហែល៦០០ឆ្នាំមុនគ.ស នៅពេលប្រទេសក្រិកអភិវឌ្ឍន៍ដល់សម័យរីកចម្រើនខ្លាំង អ្នកមូលធនជាច្រើនចូលចិត្តស្លៀកពាក់សូត្រ   តុបតែងលម្អខ្លួនដោយគ្រឿងអលង្ការធ្វើពីគ្រាប់គុជថ្លា។ ទោះបីជាមុនចេញទៅក្រៅគ្រាប់គុជទាំងនោះស្អាតយ៉ាងណាក៏ដោយ ក្រោយពេលចេញក្រៅមួយសន្ទុះ វានឹងប្រែពណ៌ជាស្រអាប់ជាមិនខាន។ មានមនុស្សជាច្រើនដែលសង្កេតឃើញនូវបញ្ហានេះ តែមិនដឹងដោះស្រាយយ៉ាងណា។ នៅពេលនោះ លោកថាលេសក៏ចាប់ផ្ដើមស្រាវជ្រាវអំពីបញ្ហាដ៏ចម្លែកមួយនេះ។ ក្រោយពីឆ្លងកាត់ការអង្កេតដ៏ម៉ត់ចត់ និងការវិភាគដោយហេតុផល គាត់រកឃើញថាគ្រាប់គុជដែលពាក់លើ ក នឹងមានការកកិតជាមួយនឹងអាវ ឬស្បែក បណ្ដាលឱ្យមានភាពស្រអាប់ទៅលើគ្រាប់គុជទាំងនោះ។ ដូច្នេះហើយទើបបានជាក្រោយមក កម្លាំងកកិតប្រភេទនេះ ត្រូវបានអ្នកជំនាន់ក្រោយមកទៀតហៅថា “អគ្គិសនី” ។

អស់រយៈពេលជាង២០០០ឆ្នាំក្រោយមកទៀត គ្រូពេទ្យរាជវាំងរបស់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី១នៃចក្រភពអង់គ្លេស បានរកឃើញថា អគ្គិសនី និងម៉ាញេទិចគឺជារឿងពីរផ្សេងគ្នា។ នៅក្នុងសៀវភៅដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៦០០ មួយក្បាលមានឈ្មោះថា “អំពីម៉ាញេទិច”។ សៀវភៅបានបញ្ជាក់ថា ក្រៅពីពពួកគ្រាប់គុជថ្លាទាំងនោះ នៅមានវត្ថុជាច្រើនទៀតដែលក្រោយពេលទទួលរងភាពកកិត សុទ្ធតែអាចឆក់យករូបធាតុតូចល្អិតៗ ហើយស្រាលបាន ហើយក៏ធ្វើឱ្យយើងមើលទៅរៀងស្រអាប់។ ឯដែកម៉ាញេទិចវិញមិនចាំបាច់កកិត ក៏ទាញឆក់បានដែរ។ ដូច្នេះ ម៉ាញេទិច និងអគ្គិសនីគឺជារឿងពីរផ្សេងគ្នា។ ក្រោយមកទៀត មានមនុស្សជាច្រើនដែលចាប់ផ្ដើមស្រាវជ្រាវពីអគ្គិសនី រហូតដល់ឆ្នាំ១៧៥២ បេយ៉ាមីន ហ្រ្វេងគ្លីន ទើបលេចមុខចេញមកធ្វើតេស្ដអំពីខ្លែង ហើយក្រោយមកទៀតគាត់ក៏រកឃើញឧបករណ៍ប្រឆាំងរន្ទះ។ នៅឆ្នាំ១៨២១ លោកម៉ៃឃើល ហ្វារ៉ាដេ បានរកឃើញម៉ូទ័រអគ្គិសនី។ ម៉ៃឃើល ហ្វារ៉ាដេចាប់កំណើតឡើងប្រមាណជា១ឆ្នាំក្រោយមរណភាពរបស់ បេនយ៉ាមីន ហ្រ្វែងឃ្លីន ហើយក្នុងចន្លោះពេលចាប់ពី បេនយ៉ាមីន ហ្រ្វែងឃ្លីន រកឃើញថាមពលអគ្គិសនីក្នុងបាតុភូតធម្មជាតិគឺរន្ទះ រហូតមកដល់សម័យហ្វារ៉ាដេ ការយល់ដឹងរបស់មនុស្សទៅលើអគ្គិសនីមានភាពជឿនលឿន ព្រោះមានអ្នកវិទ្យាសាស្រ្ដច្រើនណាស់នាសម័យប្រហាក់ប្រហែលនឹងហ្វារ៉ាដេ។ នៅឆ្នាំ១៨៣១ លោកហ្វារ៉ាដេ បានរកឃើញ អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ហើយក៏បង្កើតនូវម៉ាស៊ីនថាមពល   អគ្គិសនីមុនគេបង្អស់លើពិភពលោក។ ក្រោយមកទៀតក៏មានអ្នកស្រាវជ្រាវបង្កើតអំពូលភ្លើង ដោយយកផ្នត់គំនិត នៅពេលដែលថាមពលអគ្គិសនីឆ្លងកាត់ខ្សែភ្លើងដែលមានរេស៊ីស្ដង់ខ្ពស់ វានឹងធ្វើឱ្យខ្សែភ្លើងនេះក្ដៅខ្លាំងរហូតប្រែពណ៌ទៅជាក្រហម ឬលឿង ហើយបញ្ចេញជាពន្លឺ។ ប៉ុន្ដែមិនមានអ្នកណាមួយអាចបង្កើតបានដោយជោគជ័យនោះទេ ព្រោះថាអំពូលទាំងនោះភ្លឺបានតែមួយភ្លែតក៏ត្រូវដាច់ទៅវិញ។ 

នៅឆ្នាំ១៨៧៨ ទើបមានអ្នកវិទ្យាសាស្រ្ដម្នាក់ឈ្មោះ ថូម៉ាស អេឌីសុន ចេញមកស្រាវជ្រាវ និងពិសោធន៍លើសារធាតុគ្រប់ប្រភេទ ដើម្បីធ្វើឱ្យអំពូលភ្លើងភ្លឺច្បាស់ ហើយបានរយៈពេលយូរ។ មួយឆ្នាំក្រោយមក លោកទទួលបានជោគជ័យទៅលើអំពូលភ្លើងអគ្គិសនី ដោយអាចដំណើរការបាន១៣ម៉ោងកន្លះ។ ហើយគុណភាពវាចេះតែវិវឌ្ឍន៍ទៅមុខជាដរាប។ នៅឆ្នាំ១៨៨២ រោងចក្រថាមពល      អគ្គិសនី មែនហាតាន របស់សហរដ្ឋអាមេរិក បានវិនិយោគទៅលើម៉ាស៊ីនថាមពលអគ្គិសនីដែលដំណើរការដោយម៉ាស៊ីនដើរដោយចំហាយទឹក៦គ្រឿង ដែលមានកម្លាំងអគ្គិសនីចំនួន១២០គីឡូវ៉ាត់។ ក្រោយមកទៀតបច្ចេកវិទ្យាទូរគមនាគមន៍ក៏បានចាប់កំណើត។ ទីក្រុងឡុងបានបង្កើតផ្លូវទូរគមនា  គមន៍មួយប្រវែង២១គីឡូម៉ែត្រ នៅពេលនេះហើយដែលមនុស្សរាល់គ្នាបានយល់ថា ខ្សែភ្លើងអាចបញ្ជូនសេវា និងព័ត៌មានផ្សេងៗបាន។

សរុបមកអគ្គិសនីនេះត្រូវបានអ្នកវិទ្យាសាស្រ្ដជាច្រើនរូប ច្រើនជាងអ្នកដែលបានរៀបរាប់ខាងលើ ស្រាវជ្រាវបន្ដបន្ទាប់គ្នា ហើយអភិវឌ្ឍន៍គុណភាពរបស់វាបន្ដិចម្ដងៗតាមសម័យកាល រហូតទើបមានអគ្គិសនីដ៏ទំនើបដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.facebook.com/passnatexam/posts/2211325362493336/