អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ទំនៀមវេចនំអន្សមនារដូវភ្ជុំ”
អត្ថបទដកស្រង់ដោយ : នឹម សុនីតា
#MJQE #AmericanInterconSchool
ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវភ្ជុំបិណ្ឌម្ដងៗប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់គ្រួសារតែងតែរៀបចំវេចនំអន្សម (មិនដែលខាន)មិនថាផ្ទះគេ ឬផ្ទះខ្ញុំនោះទេ។ សកម្មភាពនេះ យើងតែងតែសង្កេតឃើញនៅមុនមួយ ឬពីរនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺគ្រប់ៗផ្ទះញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលយើងវេចរួមមានដូចជា នំអន្សមជ្រូក នំអន្សមចេក នំគម នំបត់ ជាដើម។
អន្សម ជាឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើមចម្អិនដោយស្ងោរ ឬអាំងក៏មាន។ នៅតាមសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនីនាងឧមាដែលជាព្រះមហេសីព្រះឥសូរ។ ម្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទានអមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាហើយនោះ ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឱ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃ។
អន្សម មានដើមកំណើតតាំងពីបុរាណនៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះ ក៏ដូចជាបុណ្យផ្សេងៗទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។