អត្ថបទព័ត៌មានស្តីពីសុខភាព និងរបៀបរស់នៅ
ក្រោមប្រធានបទ “គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ”
អត្ថបទដកស្រង់ដោយ : សុខ សូនីដា
#MJQE #AmericanInterconSchool
មិនថាយើងមានដៃគូ ឬនៅតែម្នាក់ឯងឡើយ ការចំណាយពេលដ៏រីករាយជាមួយនឹងខ្លួនឯង គឺជារឿងដ៏ចាំបាច់មួយ។ តួយ៉ាង នៅពេលខ្លះដៃគូយើងមានទំនួលខុសត្រូវច្រើន មិនអាចចំណាយពេលជាមួយនឹងយើងរហូតឡើយ ហើយយើងក៏មិនគួរផ្តល់តម្លៃដល់អ្នកណាម្នាក់ច្រើនជ្រុល រហូតដល់អាចគ្រប់គ្រងលើសុភមង្គលរបស់ខ្លួនឯងដែរ។ ចំណែកអ្នកដែលនៅម្នាក់ឯងវិញ ការរៀនស្រលាញ់ខ្លួនឯងឱ្យច្រើនៗ និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយកម្ចាត់ភាពឯកា បើទោះបីជាយើងនៅតែម្នាក់ឯងក៏ដោយ៖
១. បង្កើតចំណង់ចំណូលចិត្ត :
ពេលវេលានៅតែឯងនេះហើយ ជាឱកាសដ៏ល្អក្នុងការបង្កើតចំណង់ចំណូលចិត្តថ្មីៗ និងចាប់ផ្តើមធ្វើអ្វីដែលយើងរង់ចាំមកជាយូរ។ សាកល្បងការផាត់ពណ៌ ចម្អិនអាហារ ហែលទឹក ឬលេងហ្គីតា និងបង្កើតចំណង់ចំណូលចិត្តជាបន្តបន្ទាប់ ក៏ដូចជាព្យាយាមក្នុងការសម្រេចរាល់គោលដៅដែលយើងបានគ្រោងទុកទាំងនោះ។
២. ព្យាយាមយល់ពីខ្លួនឯង :
ទន្ទឹមនឹងនេះដែរ យើងគួររៀនស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ដោយដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ក៏ដូចជាប្រើប្រាស់ចំណុចខ្លាំង ដើម្បីជម្នះរាល់កង្វះខាតដែលយើងមាន ទើបជាការប្រសើរ។
៣. ស្វែងរកភាពរីកចម្រើននៅក្នុងជីវិត :
បន្ថែមពីនេះ យើងគួរអភិវឌ្ឍន៍ផ្នត់គំនិតស្វែងរកភាពរីកចម្រើន និងដុសខាត់ជំនាញដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។ ពេលវេលាដែលយើងនៅតែម្នាក់ឯង គឺជាពេលរៀនសូត្រពីជំនឿចិត្ត ទស្សនៈថ្មីៗ គំរូនៃការគិត ក៏ដូចជាការអភិវឌ្ឍអាជីពឱ្យខ្លាំងជាងមុន។
៤. ផ្ដោតអារម្មណ៍ទៅនឹងបច្ចុប្បន្ន :
មិនថាយើងកំពុងតែអានសៀវភៅ ចម្អិនអាហារ ឬផាត់ពណ៌នោះទេ ចូរផ្ដោតអារម្មណ៍ទៅនឹងការធ្វើកិច្ចការទាំងនោះ។ ជាក់ស្តែង ការផ្ដោតអារម្មណ៍ជាគន្លឹះដែលជួយឱ្យយើងមានអារម្មណ៍ស្ងប់ល្អ និងមិនស្លន់ស្លោនៅពេលដែលយើងប្រឈមនឹងបញ្ហាផ្សេងៗ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com