ទម្លាប់រស់នៅ ៥យ៉ាង បង្កើនការចងចាំ និងសមត្ថភាពខួរក្បាល

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “ទម្លាប់រស់នៅ ៥យ៉ាង បង្កើនការចងចាំ និងសមត្ថភាពខួរក្បាល”
អត្ថបទដកស្រង់ដោយ : លាង សត្យា
#MJQE #AmericanInterconSchool

ជាការពិតណាស់ មនុស្សមួយចំនួនសុទ្ធតែមានទម្លាប់មិនល្អដែលចង់ផ្លាស់ប្ដូរ ហើយអាកប្បកិរិយាជាក់លាក់មួយចំនួនអាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពខួរក្បាល។ ដូចនេះ ដើម្បីពង្រឹងការចងចាំ និងបង្កើនសមត្ថភាពខួរក្បាល យើងគប្បីអនុវត្តទម្លាប់ប្រចាំថ្ងៃល្អៗមួយចំនួនដូចខាងក្រោម៖

១. ការធ្វើសមាធិ :
បើយើងចង់ឱ្យការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើង គួរចំណាយពេលខ្លះធ្វើសមាធិជារៀងរាល់ថ្ងៃ។ ពិតណាស់ការធ្វើសមាធិអាចកាត់បន្ថយស្រ្តេស និងការថប់អារម្មណ៍ ព្រមទាំងបង្កើនសមត្ថភាពខួរក្បាលថែមទៀតផង។

២. គេងឱ្យបានគ្រប់គ្រាន់ :
ទន្ទឹមនឹងនេះដែរ ការគេងគ្រប់គ្រាន់ជារៀងរាល់យប់ ជាទម្លាប់ដ៏ល្អមួយដែលអាចផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធជាច្រើននៅក្នុងរាងកាយរបស់យើង រួមទាំងការផ្ដោតអារម្មណ៍ផងដែរ។ អំឡុងពេលដែលយើងគេង ខួរក្បាលនឹងធ្វើការជួសជុល ស្តារចនាសម្ព័ន្ធ និងមុខងារសំខាន់ៗ។ ផ្ទុយទៅវិញ ការគេងមិនគ្រប់គ្រាន់អាចរំខានដល់ដំណើរការទាំងនេះ។ ម្យ៉ាងវិញទៀត ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយចំនួនរួមមាន ជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺបេះដូង។

៣. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង :
បន្ថែមពីនេះ គ្រឿងស្រវឹងក៏អាចប៉ះពាល់ដល់ការចងចាំដូចគ្នា។ ជាតិអាកុលជាសារធាតុ Neurotoxin ហើយការផឹកគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ អាចបំផ្លាញដល់ផ្នែកនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ ព្រោះអាចនាំឱ្យខ្វះសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន B-1 ដែលមានសារសំខាន់ក្នុងការផ្ដល់ថាមពលដល់កោសិកាខួរក្បាល។

៤. ញ៉ាំអាហារល្អៗ :
ខួរក្បាលរបស់យើងត្រូវការសារធាតុចិញ្ចឹមជាប្រចាំ ដើម្បីរក្សាថាមពល និងដំណើរការបានល្អបំផុត ហើយការញ៉ាំអាហារមិនល្អច្រើនជ្រុល អាចជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាលទៅវិញ។ អាហារដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់ខ្ពស់ដូចជា ស្ករគ្រាប់ ភេសជ្ជៈបន្ថែមជាតិស្ករ អាចនាំឱ្យជាតិស្ករក្នុងឈាមកើនឡើង និងបំផ្លាញសុខភាពខួរក្បាលបន្តិចម្ដងៗ។ ជាងនេះទៅទៀត កាបូអ៊ីដ្រាតចម្រាញ់អាចកាត់បន្ថយមុខងារនៃការចងចាំ និងធ្វើឱ្យការយល់ដឹងថយចុះ។ ជំនួសឱ្យការញ៉ាំអាហារដែលមានជាតិស្ករច្រើន យើងគួរញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដែលអាចជួយដល់ខួរក្បាលដូចជា បន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ទើបជាការប្រសើរ។

៥. ហាត់ប្រាណជាប្រចាំ :
ការធ្វើលំហាត់ប្រាណអាចជួយសម្រួលដល់លំហូរឈាម ជួយឱ្យខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើន ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗគ្រប់ប្រភេទ។ សូម្បីតែលំហាត់ប្រាណប្រចាំថ្ងៃកម្រិតមធ្យម ក៏អាចបង្កើនមុខងារយល់ដឹងសំខាន់ៗដូចជា ការចងចាំ និងការផ្ដោតអារម្មណ៍។ លំហាត់ប្រាណក៏ជួយបញ្ចេញអ័រម៉ូន Endorphins ទៅក្នុងចរន្តឈាម ជាអ័រម៉ូនដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ ព្រមទាំងជួយកាត់បន្ថយស្រ្តេស។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com/%E1%9E%91%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9B%E1%9F%92%E1%9E%A2/165589/