ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៣

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត 
ក្រោមប្រធានបទ “ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៣”
អត្ថបទដកស្រង់ដោយ : តាត សុផល
#MJQE #AmericanInterconSchool

បុណ្យសមុទ្រលើកទី១០ នឹងត្រូវបានរៀបចំឡើងនៅអំឡុងសប្តាហ៍ទី៣ ខែធ្នូ ដោយខេត្តកែបជាម្ចាស់ផ្ទះលើកទី៣ ដែលលើកទី១នៅឆ្នាំ២០១៣ និងលើកទី២នៅឆ្នាំ២០១៧ ខណៈថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាទើបធ្វើពិធីផ្សព្វផ្សាយជាផ្លូវការស្តីពីការដាក់ឱ្យអនុវត្តផែនការមេ ក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការផ្លាស់ប្តូរវេនរវាងខេត្តដែលនៅជាប់សមុទ្រទាំង៤រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង លើកលែងតែអំឡុងការរីករាលដាលជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យមកលេងកម្សាន្តនៅខេត្តកែប ដែលជាកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋាន។ បុណ្យសមុទ្រនឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល។

បច្ចុប្បន្នខេត្តកែប មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណ១៦០០បន្ទប់ ដែលចំនួននេះមិនគ្រប់គ្រាន់សម្រាប់ការស្នាក់នៅរបស់ភ្ញៀវដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនោះទេ។ តែទោះយ៉ាងណាដោយ បច្ចុប្បន្នកម្ពុជាមានបណ្តាញផ្លូវថ្នល់តភ្ជាប់ពីរាជធានីទៅកាន់ខេត្ត ដូច្នេះបញ្ហាកន្លែងស្នាក់នៅ គឺមិនមែនជាឧបសគ្គទៀតទេ។ ជាមួយគ្នានេះ អាជ្ញាធរក៏មានគម្រោងរៀបចំឱ្យមានកន្លែងបោះតែនតិ៍សម្រាប់ការស្នាក់នៅផងដែរ។

ក្នុងនោះពិធីបុណ្យសមុទ្រ នឹងមានការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្រ្តី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិ ធ្វើឱ្យប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិ មកលេងយ៉ាងសប្បាយរីករាយ ទីមួយបានមកទស្សនាសមុទ្រខ្មែរដែលមានលក្ខណៈធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រនឹងធ្វើឡើងនាពេលរាត្រី ដែលញ៉ាំងឱ្យភ្ញៀវទេសចរចង់អង្គុយគយគន់កម្សាន្ត។ ជាងនេះទៅទៀត ក៏មានមហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ បន្ថែមពីនេះទៀត ក្រសួងទេសចរណ៍ក៏មានកម្មវិធីបង្ហាញពីសកម្មភាពកីឡាលើទឹក និងកីឡាលើធ្នេរខ្សាច់ផងដែរ ដែលជាកីឡាកំពុងពេញនិយមទូទាំងពិភពលោក ធ្វើឱ្យភ្ញៀវមកចូលរួមមានភាពសប្បាយរីករាយដក់ជាប់ក្នុងចិត្តបំភ្លេចមិនបាន ហើយទន្ទឹងរង់ចាំពេលវេលានោះមកដល់។

ខ្ញុំសង្ឃឹមថាប្រជាជនខ្មែរ នឹងត្រៀមខ្លួនជាស្រេចដើម្បីរីករាយថ្ងៃបុណ្យសមុទ្រនៅខេត្តកែបចុងឆ្នាំសកលនេះ។