ពិធីបុណ្យកឋិនទាន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “ពិធីបុណ្យកឋិនទាន”
អត្ថបទដកស្រង់ដោយ : ជុំ ប៊ុន្នី
#MJQE #AmericanInterconSchool

កឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។ បើខុសពីសម័យកាលនេះទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិន ក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាតឡើយ។

ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោកសំដៅយកពុទ្ធដីកា ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ហៅថាកឋិន។ កឋិននេះលោកពន្យល់ថាមកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ៖
១. ប្រែថារស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ> កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថាកឋិន ព្រោះលោកប្រៀបថាដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី ក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។
២. ប្រែថាពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះ ជាទានវិសេសជាងទានដទៃៗដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសសើរថាជាទានវិសេសអាចរួបរួម ឬសង្គ្រោះទុកនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឱ្យទៅក្នុងទីដទៃបានសមដូចវិគ្គហ ថាបញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ> កថិនំ ធម្មជាតិឯណាក្រៀកទុក ឬសង្គ្រោះទុកនូវអានិសង្សទាំង៥ មិនឱ្យទៅក្នុងទីដទៃបាន        ធម្មជាតិនោះឈ្មោះថា កឋិន។ ក្នុងវត្តមួយបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រង និងអនុមោនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។ 

កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទដែលហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួង ព្រោះប្លែកពីទានឯទៀត។ ប្លែកដោយលក្ខណាការ៥យ៉ាងគឺ៖
១. ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថា កឋិនមានតែ២៩ថ្ងៃ គឺខែអស្សុជ ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៥រោច (ខែដាច់) ខែកត្តិក ១៥ថ្ងៃ ពីត្រឹម១កើត ដល់១៥កើត (ពេញបូណ៌មី)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុង រដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពីថ្ងៃទាំង២៩នេះពុំបាន ហើយវត្តមួយធ្វើបានតែម្តងក្នុងមួយរដូវ កឋិនភិក្ខុទទួលកឋិនបានម្តង។
២. ប្លែកដោយវត្ថុ គឺសំពត់ដែលយកមកធ្វើកឋិននោះបានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ ( ស្បង់១ ចីពរ១ សង្ឃាដី១ ) គឺលោកក្រាលបានតែ១មុខប៉ុណ្ណោះ ។
៣. ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ ហើយសង្ឃក៏គប្បីក្រាលគ្រង និងអនុមោទនាឱ្យត្រឹមត្រូវតាមវិន័យប្បញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។
៤. ប្លែកដោយបដិគ្គាហក គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុ ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះទៀតលុះត្រាតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រង និងអនុមោទនាក្នុងវត្តនោះបាន ភិក្ខុដែលមិនបាននៅចាំវស្សា ឬបាននៅចាំវស្សាដែរ តែឱ្យដាច់ក៏ទទួលពុំបាន។
៥. ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិ
សង្ស។

កាលវេរដោយវាចាហើយ គប្បីតម្កល់សំពត់កឋិននៅចំពោះមុខព្រះសង្ឃ ក្នុងហត្ថបាស គឺប្រវែង២ហត្ថ ១ចំអាមពីលោក មិនបានប្រគេនដោយដៃទេ ព្រោះក្នុងវិន័យមានចែងថា គប្បីប្រគេនតែដោយវាចា មិនគប្បីប្រគេនដោយកាយឡើយ។ កាលទាយកវេរសំពត់កឋិន ព្រមទាំងគ្រឿងបរិក្ខារកឋិនហើយ ព្រះសង្ឃលោកទទួលដោយតុណ្ហីភាព ហើយលោកសូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ មានគាថាសម្តែងពីកាលទានជាដើម។ លុះអនុមោទនាចប់ហើយ ទាយកទាយិកាគប្បីចូលទៅប្រគេន នូវគ្រឿងបរិក្ខារផ្សេងៗជាបរិវារកឋិនដល់ព្រះសង្ឃគ្រប់អង្គតាមលំដាប់លំដោយ រហូតដល់សព្វគ្រប់ព្រះអង្គម្ចាស់ដើមទានប្រធានដើមបុណ្យ ឬលោកតាអាចារ្យ ឬតំណាងម្ចាស់ដើមបុណ្យ គប្បីបវារណាបច្ច័យជាលទ្ធផលនៃបុណ្យកឋិនចំពោះសង្ឃ។ ឯបច្ច័យជាលទ្ធផលនៃបុណ្យនោះ គប្បីចែកជា២ចំណែក ចំណែកទី១បច្ច័យសម្រាប់បវារណាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ចំណែកទី២បច្ច័យសង្កត់ត្រៃសម្រាប់កសាងសេនាសនៈផ្សេងៗក្នុងវត្តអារាម ។ បន្ទាប់ពីបវារណាបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យសង្កត់ត្រៃហើយ លោកតាអាចារ្យដឹកនាំសូត្រយំកិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tmitcamb.wordpress.com