អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អ្វីជាការអប់រំបែបឌីជីថល ក្នុងបរិបទឧស្សាហកម្ម ៤.០?”
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
#MJQE #AmericanInterconSchool
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឱ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែនៅពេលដែលឧស្សាហកម្មមានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ។
មនុស្សក្មេងៗ គឺជាកម្លាំងពលកម្មនាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែកទៅលើធនធានមនុស្សដែលអាចរកបាន។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុតនូវធនធានមនុស្សកាន់តែច្រើនថែមទៀត។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះមានសក្ដានុពលខ្លាំង ប្រសិនបើខ្លួនអាចសម្របទៅតាមបដិវត្តន៍ឧស្សាហកម្មទាំងឡាយ។
ក្នុងពេលកន្លងមក ពិភពលោកបានឆ្លងកាត់នូវដំណាក់កាលបដិវត្តន៍ឧស្សាហកម្មដូចខាងក្រោមនេះ៖
* បដិវត្តន៍ឧស្សាហកម្មលើកទី១ : បានចាប់ផ្ដើមឡើងជាមួយនឹងការបង្កើតនូវម៉ាស៊ីនប្រើចំហាយទឹក ដែលគេប្រើប្រាស់ទៅលើការផលិតផលិតផលជាច្រើននៅតាមរោងចក្រ។
* បដិវត្តន៍ឧស្សាហកម្មលើកទី២ : គឺជារបកគំហើញថ្មីផ្នែកឧស្សាហកម្មនៅក្នុងផលិតកម្មដែលមានបរិមាណធំៗ ជាមួយនឹងការប្រើប្រាស់អគ្គិសនី ឥន្ធនៈ និងការផលិតដែកថែបកម្រិតខ្ពស់។
* បដិវត្តន៍ឧស្សាហកម្មលើកទី៣ : គឺជាការចាប់ផ្ដើមនៃយុគសម័យឌីជីថលដែលជាសម័យកាលមួយដែលគេចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណេត និងបណ្ដាញទូរសព្ទចល័ត។
* បដិវត្តន៍ឧស្សាហកម្មលើកទី៤ : គឺជាអនុផលនៃបច្ចេកវិទ្យាជំនាន់ទី៣ ដែលជាការធ្វើស្វ័យប្រវត្តិកម្មដោយប្រព័ន្ធកុំព្យូទ័រ និងមនុស្សយន្តដើម្បីបំពេញទៅតាមសេចក្ដីត្រូវការជាបុគ្គល។
ប្រព័ន្ធអប់រំជាប្រពៃណីផលិតនូវជំនាញ និងចំណេះដឹងដែលប្រព័ន្ធនោះរំពឹងចង់ឱ្យអ្នកសម្រេចឱ្យបាន។ ការអប់រំប្រភេទនេះបង្កើតបាននូវធនធានមនុស្សទូទៅធម្មតា ដែលមិនមានសមត្ថភាពសម្របខ្លួនទៅតាមបដិវត្តន៍ឧស្សាហកម្មបន្ទាប់នាពេលខាងមុខនោះឡើយ៖ មនុស្សយន្តដែលគេបញ្ជាដោយកម្មវិធីកុំព្យូទ័រ និងការប្រើប្រាស់ AI នៅក្នុងវិស័យធ្វើដំណើរ ផលិតកម្ម និងការដឹកជញ្ជូនទំនិញ។ ចំណេះធ្វើផ្នែកឌីជីថលនឹងសំខាន់កាន់តែខ្លាំង ពីព្រោះពិភពលោកនឹងប្រែប្រួល។ បច្ចេកវិទ្យាគឺជាសសរស្ដម្ភនៅក្នុងការកំណត់អនាគត។ ភាពប្រឈម គឺការអភិវឌ្ឍជំនាញឌីជីថលរបស់សិស្សនិស្សិតដើម្បីឱ្យពួកគេអាចប្រើប្រាស់ជំនាញឌីជីថលទាំងនេះបាន នៅពេលដែលពួកគេចូលក្នុងកម្លាំងពលកម្ម។
ជាមួយនឹងអំណះអំណាងដូចបានរៀបរាប់ខាងលើនេះ ឥឡូវនេះជាពេលវេលាដ៏សំខាន់ក្នុងការងាកមកណែនាំ បច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្សក្នុងលក្ខណៈមួយដែលងាយស្រួលប្រើជាទីបំផុត និងមិនធ្វើឱ្យសិស្សភ័យ ខ្លាច។ ជាមួយនឹងការអប់រំបែបឌីជីថល សិស្សានុសិស្សគ្រប់រូបអាចសម្រេចក្ដីសុបិនរបស់ពួកគេតាមអនឡាញបាន។ ការអប់រំបែបឌីជីថល ក្នុងបរិបទឧស្សាហកម្ម ៤.០ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដោយសារផ្នែកទាំងអស់នេះ ត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។
ការអប់រំបែបឌីជីថល គឺជាការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល ក្នុងការរៀន និងការបង្រៀន ក៏ដូចជាការគ្រប់គ្រងដែរ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះគ្រឹះស្ថានសិក្សាមួយចំនួន ទាំងរដ្ឋ និងឯកជន បានប្រើប្រាស់នូវកម្មវិធីសិក្សាដែលមានដូចខាងក្រោម៖
• ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាប្រព័ន្ធនៃការអប់រំតាមបែបឌីជីថល ដែលមានមូលដ្ឋានចេញពីការអប់រំផ្លូវការ ប្រើប្រាស់ធនធានអេឡិចត្រូនិកជាជំនួយ។
• ការអប់រំពីចម្ងាយ (Distance Learning) ជាវិធីសាស្ត្រមួយដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ (ពុទ្ធិសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា) ដោយពុំចាំបាច់មានវត្តមាន ឬជួបគ្រូដោយផ្ទាល់។
គ្រឹះស្ថានសិក្សាមួយចំនួនក៏បានផ្សារភ្ជាប់កម្មវិធីការអប់រំពីចម្ងាយជាមួយប្រព័ន្ធនៃការសិក្សាតាមបែបចម្រុះ (Blended Learning) ឬដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)។
យ៉ាងណាមិញ ក្រសួងអប់រំ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយដោយមានសមាសភាគចំនួន៤រួមមាន៖
១. ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យនៃការអប់រំឌីជីថល ដោយផ្តោតលើការរៀបចំបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center)។
២. សកម្មភាពផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ចូលនូវការបញ្ជ្រាបវិធីសាស្រ្តបង្រៀនបែបថ្មី និងការឆ្លើយតបចំពោះការអប់រំពិសេស។
៣. ហេដ្ឋារចនាសម្ព័ន្ធនៃការផលិតវីដេអូនៃការបង្រៀន ដោយផ្តោតលើការបង្កើតស្តូឌីយ៉ូសម្រាប់ផលិតវីដេអូ និងមាតិកាឌីជីថលដ៏ទៃ និងស្តូឌីយ៉ូខ្នាតធំសម្រាប់វេទិការអប់រំ។
៤. វេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សា ដោយផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-https://news.sabay.com.kh/article/1215060
-https://freshnewsasia.com/index.php/en/freshnewsplus/227565-2022-01-12-03-58-51.html