
«គ្រូខ្លឹម សិស្សខ្លាំង»
ភ្នំពេញ៖ បើគិតរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២០ឆ្នាំហើយ ដែលលោក តាន់ គន្ធី គ្រូបង្រៀនលើមុខវិជ្ជាគណិតវិទ្យា បានផ្ដល់ចំណេះដឹងលើការអប់រំ និងកសាងសមត្ថភាពប្រកបដោយគុណភាពដល់សិស្សានុសិស្សនៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។
នៅក្នុងរយៈពេលអស់២ទសវត្សរ៍កន្លងមកនេះ លោក តាន់ គន្ធី បានលើកឡើងថា បទពិសោធដ៏មានតម្លៃបំផុត គឺភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសិស្ស និងសមត្ថភាពក្នុងការផ្ទេរចំណេះដឹងទៅកាន់សិស្សគ្រប់ប្រភេទ និងគ្រប់ទម្រង់។ លោកគ្រូបានអនុវត្តវិធីសាស្រ្តបង្រៀនដែលផ្អែកលើការយល់ដឹងមូលដ្ឋានរបស់សិស្ស ដោយចាប់ផ្តើមពីការធ្វើតេស្តវាស់កម្រិតចំណេះដឹង បែងចែកសិស្សតាមកម្រិត បង្កើតក្រុមតូចៗ ឱ្យសិស្សសហការ និងជួយគ្នា ព្រមទាំងដាក់លំហាត់ពីងាយទៅលំបាក ក្រោមការត្រួតពិនិត្យ និងកែតម្រូវជាបន្តបន្ទាប់។