ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីរម្លឹកគុណគ្រូរបស់សិស្សានុសិស្សថ្នាក់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានសហការរៀបចំកម្មវិធី «ពិធីរំឮកគុណគ្រូ» ឡើង ដើម្បីសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ នឹករលឹក និងកតញ្ញូធម៌យ៉ាងជ្រាលជ្រៅ ចំពោះគុណូបការៈដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ។

កន្លងមក លោកគ្រូ អ្នកគ្រូ បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តក្នុងការផ្ទេរចំណេះដឹង ទូន្មានប្រៀនប្រដៅ និងបណ្តុះបណ្តាលបញ្ញាញាណដល់សិស្សានុសិស្ស ប្រកបដោយស្នាមញញឹម និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កូនសិស្សទាំងអស់នឹងទទួលបានអនាគតដ៏រុងរឿង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ការអប់រំទាំងនោះ មិនត្រឹមតែផ្តល់នូវពុទ្ធិសម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះនូវគុណធម៌ និងសីលធម៌ដ៏ល្អប្រពៃក្នុងសង្គមថែមទៀតផង។

ឆ្លើយតបទៅនឹងការលះបង់ដ៏ឧត្តុង្គឧត្តមនេះ សិស្សានុសិស្សបានរួមចិត្តរួមថ្លើមបង្កើតកម្មវិធីនេះឡើង ក្នុងបរិយាកាសប្រកបដោយក្តីរំភើបញាប់ញ័រ និងក្តុកក្តួលអាឡោះអាល័យជាពន់ពេក ព្រោះជាពេលវេលាដែលត្រូវជិតឃ្លាតឆ្ងាយពីលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ ស្របពេលជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។