គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ផ្សារទំនើបអាស៊ី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១។
កម្មវិធីសម្រាប់ប្អូនៗសិស្សានុសិស្សវេនព្រឹក ចាប់ផ្តើមពីម៉ោង ៨:០០នាទី ដល់ ១០:៣០នាទីព្រឹក និងប្អូនៗសិស្សានុសិស្សវេនរសៀលគឺចាប់ពីម៉ោង ២:០០នាទី ដល់ ៤:៣០នាទីរសៀល។
ដំណើរទស្សនកិច្ចសិក្សានេះគឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួម សាលារៀនរបស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។
៣. ចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញ។
៤. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់នៅលើផលិតផល បន្លែ ផ្លែឈើ និង អាហារផ្សេងៗ។
៥. ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សា និងចេះរៀបចំទុកដាក់ អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៦. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ ផ្លែឈើ និងអាហារផ្សេងៗ ដែលមានសារធាតុ គីមីប៉ះពាល់ដល់សុខភាព និងស្គាល់ពីរបៀបធ្វើអាជីវកម្ម និងការប្រកបមុខរបរធ្វើជំនួញ។
៧. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរតាមទីសាធារណៈ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរ។
៨. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៩. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។