កាលពីថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នំា២០២៤ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង គ្រប់សាខាទាំងអស់ បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៧៨ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ពីម៉ោង៦: ៤៥ ដល់ម៉ោង ៥: ០០នាទីល្ងាច។ គោលបំណងចម្បងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ពីព្រះពុទ្ធសាសនា យល់ដឹងពីរឿងរ៉ាវតំណាលពីពុទ្ធប្រវត្តិ គយគន់វាលស្រែចម្ការតាមបណ្តោលផ្លូវ បង្កើនភាពក្លាហាន និងមានបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម ទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។ ក្រៅពីនេះសិស្សនុសិស្សបានចូលរូមសកម្មភាពមនុស្សធម៌សង្គម។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែនស្រែអំពិល ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ វាជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់សិស្សានុសិស្សនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សរបស់យើងទទួលបានទស្សនៈអំពីព្រះពុទ្ធសាសនា។ ការសិក្សាបាននាំមកនូវមេរៀនប្រវត្តិសាស្ត្រ និងសីលធម៌ដល់ជីវិតបន្ទាប់ពីការសិក្សានៅសាលា។ សិស្សក៏បានដឹងផងដែរថាពួកគេមានឯកសិទ្ធិប៉ុណ្ណាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ នេះជំរុញទឹកចិត្តពួកគេឱ្យពូកែខាងសិក្សា ហើយលះបង់ពេលដែលពួកគេអាចធ្វើបាន។