
កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំ «ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៧» (វគ្គជម្រុះ) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសមាសដល់សិស្សានុសិស្ស ក្នុងការទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើនប្រសិទ្ធភាពនៃការរៀនសូត្រភាសាអង់គ្លេសជាភាសាទីពីរឱ្យកាន់តែមានភាពរីកចម្រើន។ គោលបំណងសំខាន់ៗនៃការប្រកួតនេះ រួមមាន៖ ពង្រឹងទំនុកចិត្ត៖ បណ្តុះភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯងក្នុងការនិយាយនៅចំពោះមុខសាធារណជន។ អភិវឌ្ឍជំនាញធ្វើបទបង្ហាញ៖ លើកកម្ពស់សមត្ថភាពនៃការធ្វើបទបង្ហាញឱ្យកាន់តែមានភាពទាក់ទាញ និងស្ទាត់ជំនាញ។ បណ្តុះទម្លាប់នៃការអាន៖ ជំរុញឱ្យសិស្សានុសិស្សស្រឡាញ់ការអាន និងបង្កើតទម្លាប់អានឱ្យបានជារៀងរាល់ថ្ងៃ។ ដាស់ស្មារតីច្នៃប្រឌិត៖ ជួយពង្រីកការស្រមើលស្រមៃ និងជំរុញការចង់ដឹងចង់ឃើញរបស់កុមារឱ្យកាន់តែទូលំទូលាយ។ បញ្ចេញសមត្ថភាពសិល្បៈនៃការប្រាស្រ័យទាក់ទង៖ ផ្តល់វេទិកាជូនសិស្សានុសិស្សក្នុងការបញ្ចេញទេពកោសល្យ និងសិល្បៈនៃការនិទានរឿងជាភាសាអង់គ្លេសយ៉ាងមានមន្តស្នេហ៍។