ដំណើរទស្សនកិច្ចសិក្សាលើកទី89 ទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានដឹកនាំសិស្សានុសិស្ស ថ្នាក់ទី៥ ធ្វើដំណើរទៅទស្សនកិច្ចសិក្សាលើកទី៨៩ នៅព្រះបរមរាជវាំងចតុមុខមង្គល ដែលស្ថិតនៅរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថាន​ជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុង​ថ្នាក់​ដូចជា៖

១. ស្គាល់ទីតាំងរាជធានីខ្មែរ និងឈ្មោះរាជធានីខ្មែរ ដែលបានផ្លាស់ប្ដូរជាបន្ដ​បន្ទាប់​​តាំង​ពី​សម័យ​បុរាណ​រៀង​​​មក និងស្គាល់ព្រះរាជដំណាក់សម្រាប់ព្រះមហាក្សត្រខ្មែរ និងព្រះញាតិវង្សគង់ប្រថាប់ឱ្យកាន់តែច្បាស់។

២. ស្គាល់ឈ្មោះប្រាសាទនានា ដែលមាននៅក្នុងព្រះបរមរាជវាំង និងស្គាល់ព្រះនាមព្រះមហាក្សត្រខ្មែរ​តាមសម័យកាល។

៣.ទស្សនា និងសិក្សាពីវត្ថុមានតម្លៃ និងសម្បត្ដិបេតិកភណ្ឌរបស់ប្រទេសជាតិ ដែលមានអាយុកាល​រាប់រយ​ឆ្នាំ​​មក​ហើយ ព្រមទាំងបានស្គាល់នូវមណ្ឌលវប្បធម៌ជាតិ ដែលជាទីតំណាងរបស់ប្រទេស​ជាតិទាំង​មូល​។

៤. យល់ដឹងពីរឿងរ៉ាវ និងព្រឹត្ដិការណ៍មួយចំនួនស្ដីពីប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា និងពង្សាវតារកម្ពុជា​កាន់តែច្បាស់។

៥. ទទួលបានចំណេះដឹងថ្មីៗជាច្រើនស្ដីពីសិល្បៈ ប្រវត្ដិសាស្ដ្រ សាសនា និងវប្បធម៌ប្រពៃណីខ្មែរ​ ផ្សារភ្ជាប់ទៅនឹងស្នាដៃស្ថាបត្យកម្មដ៏វិចិត្រនៃព្រះបរមរាជវាំង។

៦. ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី។

៧. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់តែ​ប្រសើរ។

៨. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេល​កំពុង​ ទស្សន​កិច្ច​​នៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។