ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពិសោធន៍ស្តីពីច្បាប់ទី២ញូតុន

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកគ្រូ ឆយ គីមមុយ គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ ធ្វើពិសោធន៍ស្តីពីច្បាប់ទី២ញូតុន។ វត្ថុបំណងចម្បងនៃការចុះអនុវត្តនៅក្នុងបន្ទប់ពិសោធន៍នេះ គឺដើម្បីផ្ទៀងផ្ទាត់ទំនាក់ទំនងរវាងកម្លាំង ម៉ាស និងសំទុះ ពង្រឹងបំណិនអនុវត្តជាក់ស្តែងរបស់សិស្សក្នុងការប្រមូលទិន្នន័យ និងការវាស់វែង ព្រមទាំងជួយឱ្យសិស្សកាន់តែយល់ច្បាស់អំពីទ្រឹស្តីតាមរយៈការសិក្សាដោយផ្ទាល់។ ដោយប្រើប្រាស់ឧបករណ៍ដូចជា រថយន្តពិសោធន៍ ផ្លូវរអិល រ៉ក និងដុំទម្ងន់ទាញ ដំណើរការពិសោធន៍ត្រូវបានបែងចែកជាពីរដំណាក់កាល៖ ទីមួយ គឺការរក្សាម៉ាសរបស់រថយន្តឱ្យនៅថេរ រួចបង្កើនកម្លាំងទាញជាហូរហែដើម្បីសង្កេតមើលការប្រែប្រួលនៃសំទុះ និងទីពីរ គឺការរក្សាកម្លាំងទាញឱ្យនៅថេរ រួចបន្ថែមម៉ាសលើរថយន្តដើម្បីវិភាគអំពីផលច្រាសរបស់វាទៅលើសំទុះ។ ជាលទ្ធផល សិស្សានុសិស្សបានប្រមូល និងវិភាគទិន្នន័យដែលវាស់បាន យកទៅគូសក្រាហ្វិក និងគណនាផ្ទៀងផ្ទាត់តាមគោលការណ៍គ្រឹះនៃច្បាប់ទី២ញូតុនយ៉ាងត្រឹមត្រូវ។