លោកស្រី ប៉ែន មាលតី
ចាងហ្វាងមធ្យមសិក្សាបឋមភូមិ សាខាច្បារអំពៅ
ជម្រាបសួរ! លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងបងប្អូនសាធារណជនទាំងអស់ជាទីគោរពរាប់អាន។
លោកស្រី ប៉ែន មាលតី កើតនៅឆ្នាំ១៩៨៤ រាជធានីភ្នំពេញ។ លោកស្រីទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក នីតិសាស្រ្ត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅឆ្នាំ២០១៣ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៃមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់ថ្នាក់គរុកោសល្យគ្រូកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំក្នុងឆ្នាំ២០០៥។ ក្នុងកំឡុងពេលសិក្សាសកលវិទ្យាល័យលោកស្រីទទួលបានបទពិសោធន៍ការងារយ៉ាងច្រើន តាមរយៈការងារស្ម័គ្រចិត្ត ហើយបានធ្វើឱ្យលោកស្រីមានការអភិវឌ្ឍខ្លួន និងទទួលបានបទពិសោធន៍ទំនាក់ទំនងសង្គមយ៉ាងច្រើនពីការងារទាំងនោះ។ ជាមួយគ្នានេះដែរដើម្បីរួមចំណែកជាមួយវិស័យអប់រំឯកជន លោកស្រីបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០០៧ ក្នុងតួនាទីជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ផ្នែកមធ្យមសិក្សាទុតិយភូមិ និងជាគ្រូបន្ទុកថ្នាក់។ ដោយយោងលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ ការស្រឡាញ់ ពេញចិត្តជាមួយអាជីពការងារជាគ្រូបង្រៀនអស់រយៈពេល១០ឆ្នាំ ដែលលោកស្រីបានបម្រើការងារជូនសាលារៀនអន្តរទ្វីប អាមេរិកាំង លោកស្រីបានទទួលការដំឡើងតួនាទី ជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិនៅសាខាម៉ៅសេងទុង (ការិយាល័យកណ្តាល) ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារជាមួយតួនាទីជាចាងហ្វាងរងផ្នែកបឋមភូមិ គណៈគ្រប់គ្រងក៏បានផ្តល់សេចក្តីទុកចិត្តដោយបានតម្លើងតួនាទីលោកស្រី ជាចាងហ្វាងមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
ឆ្លងតាមបទពិសោធន៍ក្នុងវិស័យអប់រំចំនួន ១២ឆ្នាំកន្លងមកនេះ លោកស្រីពិនិត្យឃើញថាការវិវឌ្ឍផ្នែក ចំណេះដឹង ចិត្តគំនិត អត្តចរិក អាកប្បកិរិយា និងសីលធម៌រស់នៅរបស់ប្អូនៗសិស្សានុសិស្សកាន់តែមានភាពប្រសើរឡើងពីមួយឆ្នំាទៅមួយឆ្នាំ។ នេះបញ្ជាក់ឱ្យឃើញថាសាលារៀន អន្តរទ្វីប អាមេរិកាំង បាននិងកំពុងផ្តល់នូវគុណភាពប្រកបដោយប្រសិទ្ឋភាពខ្ពស់ដល់សិស្សានុសិស្សទាំងអស់គ្នា។
ចំណុចពិសេសដែលលោកស្រីពេញចិត្តបម្រើការងារនៅស្ថាប័នមួយនេះក្នុងរយៈពេលវែងក៏ព្រោះតែការផ្តល់នូវគុណភាពអប់រំខ្ពស់ ការអនុវត្តវិន័យសិក្សាប្រកបដោយប្រសិទ្ឋភាព ផ្តល់សេវាកម្មបានល្អប្រសើរជូនដល់ប្អូនៗសិស្សានុសិស្សរបស់ខ្លួន។
លោកស្រីមានសេចក្តីសោមន្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែបានបន្តគាំទ្រ និងផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងមុតមាំចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង។
សូមជូនពរលោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ!