ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អង្គធាតុសុទ្ធ និងល្បាយ

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ អ្នកគ្រូ ប៊ុនណា នីត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ «ក» ធ្វើការពិសោធជាក់ស្តែងលើមុខវិជ្ជាវិទ្យាសាស្ត្រ ក្រោមប្រធានបទ «ការសិក្សាស្វែងយល់ពីអង្គធាតុសុទ្ធ និងល្បាយ»

ដើម្បីជួយឱ្យការរៀនសូត្រកាន់តែមានរូបរូបី និងងាយយល់ អ្នកគ្រូបានរៀបចំនូវសម្ភារឧបទេស និងឧបករណ៍ពិសោធសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដែលដកស្រង់ចេញពីជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន៖ កែវថ្លា ស្លាបព្រា ទឹក ស្ករស អំបិល អង្ករ និងដែកគោល។

ក្នុងកំឡុងពេលនៃការពិសោធ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសកម្មភាពផ្ទាល់ រាប់ចាប់ពីការលាយសមាសធាតុផ្សេងៗចូលគ្នា ការកូរ និងការសង្កេតមើលបាតុភូតរូបវិទ្យាដែលកើតឡើង៖

  • ការសិក្សាពីល្បាយស្មើ (Homogeneous Mixture / Solution)៖ តាមរយៈការរលាយនៃស្ករស ឬអំបិលនៅក្នុងទឹក ដែលធ្វើឱ្យសមាសធាតុទាំងពីររលាយចូលគ្នាសព្វ មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។

  • ការសិក្សាពីល្បាយមិនស្មើ (Heterogeneous Mixture)៖ តាមរយៈការលាយអង្ករ និងដែកគោល ឬការលាយអង្ករក្នុងទឹក ដែលសមាសធាតុនីមួយៗមិនរលាយចូលគ្នា ហើយគេអាចញែកវាចេញពីគ្នវិញបានយ៉ាងច្បាស់។

ការធ្វើពិសោធនេះមិនត្រឹមតែជួយឱ្យសិស្សានុសិស្សយល់ឃើញយ៉ាងច្បាស់ពី ភាពខុសគ្នារវាងអង្គធាតុសុទ្ធ និងល្បាយ ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖

  1. បណ្ដុះស្មារតីស្រាវជ្រាវ និងការគិតបែបវិទ្យាសាស្ត្រ៖ ជំរុញឱ្យសិស្សចេះសង្កេត វិភាគ ស្វែងយល់ពីហេតុនិងផល និងកត់ត្រាលទ្ធផលដោយខ្លួនឯង។

  2. ភ្ជាប់មេរៀនទ្រឹស្ដីទៅនឹងជីវភាពជាក់ស្ដែង៖ ជួយឱ្យសិស្សយល់ថា វិទ្យាសាស្ត្រគឺស្ថិតនៅជុំវិញខ្លួនយើងជានិច្ច។

  3. ពង្រឹងកិច្ចសហការ និងធ្វើការជាក្រុម៖ បង្កើតបរិយាកាសសិក្សាដែលមានភាពរីករាយ និងបង្កើនភាពស្និទ្ធស្នាលរវាងសិស្សនិងសិស្ស។