ដំណើរទស្សនកិច្ចសិក្សាសិស្សានុសិស្សថ្នាក់ទី៥ ទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ​ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ទៅកាន់ព្រះបរមរាជវាំង ចតុ​មុខ​មង្គល លើកទី១៨៩។ ពេលទៅដល់ទីនោះសិស្សានុសិស្សបានស្វែង​​យល់​ពីព្រះ​បរម​រាជ​វាំង ​ចតុមុខមង្គល ដែល​ជាទី​តាំង​រាជធានីខ្មែរបច្ចុប្បន្ន និងជាទីតំណាង​ជាតិទាំង​មូល ជាពិសេស​គឺ​ស្វែង​យល់​ជាក់​​ស្តែងពីសម្បត្ដិបេតិកភណ្ឌ​ជាតិដ៏មានតម្លៃ​ ប្រពៃ​ណី​​ទំនៀម​ទម្លាប់ខ្មែរ ព្រឹត្តិការ​ណ៍ប្រវត្តិ​សា​ស្រ្ត​ និងពង្សា​វតារ​ក្នុងមណ្ឌល​វប្បធម៌ជាតិផ្សារភ្ជាប់​ទៅនឹង​សៀវភៅ​មេរៀនសិក្សារបស់សិស្សា​នុ​សិស្ស​ផ្ទាល់។ សិស្សានុសិស្សបាន​សិក្សាជាក់​ស្តែង​ពី​ទិដ្ឋភាព​ទូទៅក្នុង​ព្រះបរម​រាជវាំង ដោយមានការពន្យល់បង្ហាញពីមគ្គុទេ្ទសក៍អំពីវិសាលភាពនៃសម្បត្តិវប្ប​ធម៌​ជាតិ និង​រាជ​ធានី​​​​​ខ្មែរដែលបានផ្លាស់​ប្តូរ​ទីតាំងជាបន្តបន្ទាប់​​រហូតមកដល់បច្ចុប្បន្ន និងបានស្គាល់​នូវ​ព្រះរាជ​ដំណាក់​​ព្រះ​មហា​ក្សត្រ និងព្រះញាតិវង្ស​គង់ប្រថាប់ រួមទាំងឈ្មោះ និងតួនាទី នៃប្រាសាទនីមួយៗ​ក្នុងព្រះបរម​រាជ​វាំងហើយសិស្សានុសិស្ស​មានការកោត​សរសើរស្ញប់ស្ញែង​មិនដាច់ពីមាត់​ចំពោះសម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ និងស្នាដៃសំណង់​ស្ថាបត្យ​កម្ម​បែប​ប្រពៃណីជាតិ​​ដ៏ល្អវិចិត្រ​របស់ស្ថាបត្យ​ករ​ខ្មែរដ៏ឆ្នើម។ បន្ទាប់ពីទស្សនកិច្ចសិក្សាបានបញ្ចប់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងចាងហ្វាងបានថ​ត​រូប​អនុស្សាវរីយ៍​នៅមុខព្រះ​បរម​រាជ​វាំង​ ចតុមុខមង្គល មុន​ពេល​ធ្វើដំណើរត្រលប់មកសាលារៀនវិញប្រកប​ដោយ​សុវត្ថិភាព និងភាពរីករាយក្នុងដំណើរទស្សនកិច្ចនេះផងដែរ។